លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហើបពីផែនការសាងសង់SAMNANG TOWN ដែលគ្រោងចំណាយទុន៥០០លានដុល្លារ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានបង្ហើបពីគម្រោងធំមួយ ដោយសាងសង់ក្រុងសំណាង (SAMNANG TOWN) ដែលរួមមានខុនដូ វីឡាលើអាកាស ផ្ទះអាជីវកម្ម មន្ទីរពេទ្យ ផ្សារ ការិយាល័យ សណ្ឋាគារ និងសាលារៀន ចំនួន ១០កន្លែង នៅក្នុងរាជធានីភ្នំពេញ។

សរសេរតាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងបែបនេះថា “តើលោកអ្នកនៅតែស្រលាញ់ រាប់អាន និងគាំទ្រខ្ញុំបាទ គីម ហ៊ាង ឬទេ បើសិនជាខ្ញុំបាទគីម ហ៊ាង សាងសង់ទីក្រុងសំណាង (SAMNANG TOWN) ដែលរួមមានខុនដូ វីឡាលើអាកាស ផ្ទះអាជីវកម្ម មន្ទីរពេទ្យ ផ្សារ ការិយាល័យ សណ្ឋាគារ និងសាលារៀនអោយបាន១០ កន្លែងនៅក្នុងរាជធានីភ្នំពេញ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញនូវការយល់ឃើញថា សហរដ្ឋអាមេរិក ចិន រុស្សី អង់គ្លេស និងបារាំង ដែលជាសមាជិកអចិន្រ្ទៃយ៍របស់អង្គការសហប្រជាជន នឹងមិនធ្វើប្រហែសឱ្យកើតមានសង្រ្គាមលោកលើកទី៣ ជាដាច់ខាត។

លោកបញ្ជាក់ថា “យើងត្រូវទុកចិត្ត១០០% លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច និងសង្គមកិច្ច”។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់បន្ថែមថា បើមានកម្លាំង សូមត្រៀមកម្លាំង បើមានគំនិត សូមត្រៀមគំនិត បើមានលុយ សូមត្រៀមលុយ សម្រាប់លោកអ្នក ដែលចង់ក្លាយជាចំណែកតូច ឬធំណាមួយរបស់ ទីក្រុងសំណាង (SAMNANG TOWN) ឬអាជីវកម្មណាមួយរបស់លោកឧកញ៉ា ព្រោះដំណឹងល្អធំមួយនឹងត្រូវប្រកា​សនៅចុងឆ្នាំ ២០២៥ ខាងមុខនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។

ចំណែកក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here