(ព្រះវិហារ)៖ មហាទុក្ខរបស់ប្រជាពលរដ្ឋកើតចេញពីការឈ្លានពានទឹកដីពីសំណាក់កងទ័ពឈ្លានថៃ គឺជាមហាទុក្ខរបស់រាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រជាពលរដ្ឋប្រសិទ្ធនាមជាមាតាមនុស្សធម៌ប្រធានកាកបាទក្រហមកម្ពុជា អង្គការមនុស្សធម៌គ្មានព្រំដែន តក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះទុក្ខសោក និងក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកព្រោះការឈ្លានពានរបស់កងទ័ពថៃនាពេលនេះ។
នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមាតាមនុស្សធម៌ បានដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហារ និងរបស់របរប្រើប្រាស់ជាច្រើនមកចែកជូនដល់ជនភៀសសឹកកំពុងស្នាក់អាស្រ័យនៅជំរំជនភៀសសឹកដែលអាជ្ញាធររៀបចំនៅវត្តពោធិ៍ប្រាពាន់ដើម ស្ថិតក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលជាទីតាំងមួយមានចម្ងាយឆ្ងាយពីសមរភូមិប្រយុទ្ធ ហើយផ្តល់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹក។
ការប្រើកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ បានបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។ ពលរដ្ឋរាប់ម៉ឺនគ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីកងទ័ពឈ្លានពានថៃ បាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងភូមិឋានរបស់ពួកគេ។ មកដល់ពេលនេះ ខេត្តព្រះវិហារ មានប្រជាពលរដ្ឋជាជនស៊ីវិលសរុបចំនួន ៧,០០២គ្រួសារ ស្មើនឹងចំនួន ២៣,៧៧៥នាក់ហើយ ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ជំរំភៀសសឹក ឬស្នាក់នៅតាមផ្ទះសាច់ញាតិ។ សម្រាប់ជំរំភៀសសឹកនៅវត្តពោធិ៍ប្រាំពាន់ដើម មានជនភៀសសឹកសរុប ៤,១៩១គ្រួសារ ស្មើននឹង ១៤,២៩១នាក់។
ការភៀសចេញពីលំនៅឋានបាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូលជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និងប្រឈមការលំបាកជាច្រើនផ្សេងទៀត។
ចំពោះមុខនៃការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនេះ កាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចែកជូននូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាបន្តបន្ទាប់ ចូលរួមរំលែកនូវការលំបាកទាំងឡាយ។
មហាទុក្ខរបស់ប្រជាពលរដ្ឋ ក៏ជាមហាទុក្ខរបស់ខ្លួន ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ហើយតែងតែចុះទៅដល់ ហើយធ្វើសកម្មភាពផ្ទាល់រាល់ទីកន្លែងពលរដ្ឋជួបការលំបាក។
នៅព្រឹកថ្ងៃចន្ទនេះ បើទោះបីខេត្តព្រះវិហារជាតំបន់សមរភូមិក្តៅយ៉ាងណាក្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាតាមនុស្សធម៌គ្មានព្រំដែន បានចុះមកជួបសួរសុខទុក្ខ ចែកស្បៀងអាហារ និងរបស់របរប្រើប្រាស់ដោយផ្ទាល់ជូនដល់ជនភៀសសឹក។ ទង្វើ និងកាយវិការទាំងនេះ បានស្តែងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ សមានចិត្តអាណិតអាសូរ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកព្រោះតែការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា។
នៅចំពោះមុខប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ដែលអញ្ជើញទទួលអំណោយ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងនឹករលឹកយ៉ាងជ្រាលជ្រៅរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេច នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចប្រធានកាកបាទកាកបាទក្រហមកម្ពុជា ក៏បានសម្តែងនូវការនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ហើយក៏បានសម្តែងនូវក្តីឈឺចាប់យ៉ាងខ្លាំងក្លាជាមួយបងប្អូនប្រជាពលរដ្ឋត្រូវឃ្លាតឆ្ងាយផ្ទះសម្បែងបណ្តាលមកពីការឈ្លានពានរបស់កងទ័ពថៃ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថ្កោលទោសចំពោះទង្វើឈ្លានពានរបស់កងទ័ពថៃ នាំមកនូវការលំបាកសម្រាប់ប្រជាពលរដ្ឋជាជនស៊ីវិល មានជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារជាដើម។
ក្នុងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជម្រាបប្រជាពលរដ្ឋពីបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌តែងតែចុះជួយប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅពេលជួបទុក្ខលំបាកនានា ដោយគ្មានការរើសអើងនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនានោះឡើយ។
នៅក្នុងឱកាសនេះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតចំពោះសុខទុក្ខ និងផលលំបាកទាំងឡាយ ដែលប្រជាពលរដ្ឋជួបប្រទះពេលស្នាក់នៅក្នុងជំរំភៀសសឹក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងជំរំភៀសសឹកឱ្យយកចិត្តទុកដាក់លើសុខភាព ថែទាំអនាម័យ ត្រូវហូបស្អាត ផឹកស្អាត ដើម្បីបង្កា និងចៀសវាងពីជំងឺតម្កាត់នានា។
សូមបញ្ជាក់ថា អំណោយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នាំមកជូនប្រជាពលរដ្ឋជាជនភៀសសឹកនាព្រឹកថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ៣ដប, ទឹកត្រី ៣ដប, ឃីត ១ឃីត (សារុង, ក្រមា, មុង, ភួយ), សាប៊ូដុសខ្លួន ១ដប, ម្សៅសាប៊ូ ១គីឡូក្រាម, ថ្នាំដុសធ្មេញ ១ទីប, ច្រាស់ដុសធ្មេញ ១ដើម និងថវិកា ៥ម៉ឺនរៀល។
ប្រគេនវត្តពោធិ៍ប្រាំពាន់ដើមរួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ស្ករស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, សាច់ក្រក ១២គីឡូក្រាម, ថវិកា ៥លានរៀល។ ប្រគេនបច្ច័យព្រះសង្ឃគង់ក្នុងវត្តពោធិ៍៥ពាន់ដើម ព្រះចៅអធិការ ២លានរៀល និងព្រះសង្ឃ៤អង្គ ១អង្គៗ ១លានរៀល។
អំណោយជាស្បៀងអាហារ សម្ភារ និងថវិកា ដែលចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះមានចំនួនសរុប៖ អង្ករ ១៥០តោន, មី ៥,០០០កេស, ត្រីខ ៥០០កេស, ទឹកស៊ីអ៉ីវ ២,៥០០យួរ (១យួរ ស្មើ៦ដប), ទឹកត្រី ២,៥០០យួរ (១យួរ ស្មើ ៦ដប), ឃីត ៥,០០០ឃីត (សារុង ក្រមា មុង), សាប៊ូដុសខ្លួន ៥,០០០ដប, ម្សៅសាប៊ូ ៥,០០០គីឡូក្រាម, ថ្នាំដុសធ្មេញ ៥,០០០ទីប, ច្រាស់ដុសធ្មេញ ៥,០០០ដើម, តង់ ២០០តង់ និងថវិកា ២៥០លានរៀល៕