សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្នើក្រសួងការងារ បង្កើតការិយាល័យការងារដល់ភូមិ ដើម្បីពលរដ្ឋស្រួលរកការងារធ្វើ

0

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានស្នើដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យបង្កើតការិយាល័យការងារដល់តាមភូមិ ស្រុក ខេត្ត ដើម្បីពលរដ្ឋងាយស្រួលក្នុងការស្វែងរកការងារ។ ការថ្លែងបែបនេះ បានធ្វើឡើង ក្នុងពិធីដែលមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែក​អំណោយ​ជូនជនភៀសសឹក នៅខេត្តព្រះវិហារ ដែលជាខេត្តសមរភូមិក្តៅ​នៃការ​ឈ្លាន​ពានរបស់ថៃ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍យ៉ាងដូច្នេះថា «គាត់នៅតាមជនបទ គាត់អត់ស្គាល់ថាភ្នំពេញនៅកន្លែងណា រោងចក្រនៅកន្លែងណា […] ប្រជាជនខ្លះគ្នាអត់ស្គាល់នៅភ្នំពេញ ឬរោងចក្រណាដែលខ្វះខាតទេ ចឹងសុំស្នើឲឲ្យក្រសួងការងារបង្កើតការិយាល័យមួយ គឺបងប្អូនណាដែលត្រូវការការងារតាមសមត្ថភាពរបស់ខ្លួន អាចទៅធ្វើការរោងចក្រ ឬធ្វើឯកទេសអីផ្សេងៗអាចមកចុះឈ្មោះនៅកន្លែងហ្នឹង»

បើតាមប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ពលរដ្ឋដែលមកពីព្រំដែនមួយចំនួន បាន​ធ្វើដំណើរមកកាន់ទីរួមខេត្ត ពីខេត្តមួយទៅខេត្តមួយ និងមិនបានទទួលការងារធ្វើនោះទេ ពោលដោយសារតែក្រសួងការងារមិនបានរៀបចំ ការិយាល័យការងារសម្រាប់ពលរដ្ឋទទួលដំណឹង ឬព័ត៌មាន និងស្វែងរកការងារស្របតាមជំនាញរបស់ខ្លួន។

ដើម្បីអនុវត្តយុទ្ធនាការនេះ បានទូលំទូលាយ និងមានប្រសិទ្ធភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សង្កត់ធ្ងន់ថា ក្រសួងការងារ ចាំបាច់ត្រូយកចិត្តទុកដាក់ និងបញ្ជូនមន្រ្តីចុះសិក្សាស្រាវជ្រាវ វាយតម្លៃស្ថានភាពពិតប្រាកដនៅតាមភូមិ ដើម្បីយល់ច្បាស់អំពីជំនាញ និងបំណងរបស់ពលរដ្ឋ មុននឹងរៀបចំការងារឲ្យសមស្របតាមតម្រូវការ។

ក្នុងន័យនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សង្ឃឹមថា ក្រោយបង្កើតការិយាល័យការងារ នៅតាមបណ្ដាខេត្តទាំង២៥ រួចរាល់ នឹងអាចកាត់បន្ថយចំនួនពលរដ្ឋទៅនៅក្រៅប្រទេស ឬទៅចំណាកស្រុក។ ជាពិសេសពលរដ្ឋខ្មែរអាចរកការងារធ្វើបាននៅក្នុងស្រុក ដោយមិនចាំបាច់ចាកចេញពីគ្រួសារ និងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here