ដោយៈ ម៉ាណា
ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា លោកជា វុទ្ធី បានលើកឡើងថា អ្នកធុរកិច្ចសឹង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី៣ និងទី៤នៅកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពេលដឹកនាំសហការីជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ SBF ដឹកនាំដោយលោក Soo Wei-Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ។
បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានពិពណ៌នា អំពីសក្ដានុពលរបស់កម្ពុជា ដែលស្តែងចេញតាមរយៈស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយនិងវិធានការគាំទ្រវិនិយោគ និងច្បាប់វិនិយោគដែលបើកចំហ តម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។
លោកអគ្គលេខាធិការបានគូសបញ្ជាក់ ដោយសង្ខេបអំពីកំណើនយ៉ាងគំហុកនៃការវិនិយោគ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ទាំងការវិនិយោគក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ហើយក្នុងនោះការវិនិយោគមកពីសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី៣ និង៤ ជាបន្តបន្ទាប់។
ទន្ទឹមនេះ លោកជា វុទ្ឋីបានលើកឡើងពីភាពជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលត្រូវបានដាក់ចេញតាំងពីចុងឆ្នាំ២០០៥ ហើយមកទល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។
ជាក់ស្តែង គម្រោងវិនិយោគក្នុងតំបន់ សេដ្ឋកិច្ចពិសេសភាគច្រើនជាគម្រោងវិនិយោគ មិនមែនជាឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ផ្ទុយទៅវិញជាគម្រោងដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន និងប្រើបច្ចេកវិទ្យាទំនើប ដូចជា ការផលិតសំបកកង់រថយន្ត ផ្គុំដំឡើងយានយន្ត ផ្គុំដំឡើងកង់ សម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម។
មួយវិញទៀត ជាព័ត៌មានបន្ថែម ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអំពីគំនិត ផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ហើយរាជរដ្ឋាភិបាលនឹងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តពិសេសនានា ដើម្បីជួយបង្កើនភាពអំណោយផល នៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។
ក្នុងន័យដូចបានរៀបរាប់ខាងលើនេះ លោកអគ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា គណៈប្រតិភូSBF នឹងចាប់ផ្តើមមានការជឿជាក់ ហើយអាចឈានទៅពង្រីក មូលដ្ឋានអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជា នាពេលដ៏ខ្លីខាងមុខ ក្នុងវិស័យជាក់លាក់ណាមួយ។
ជាការឆ្លើយតប លោក Soo Wei-Chieh ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវបទអត្ថាធិប្បាយយ៉ាងពិស្តារ ពីបរិស្ថានវិនិយោគនៅកម្ពុជា។
លោកក៏បានថ្លែងនូវការកត់សម្គាល់ អំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលប្រមាណជាង១ទសវត្សរ៍ ចុងក្រោយនេះ ជាពិសេសការលើកកម្ពស់បរិយាកាសវិនិយោគ ឱ្យកាន់តែមានភាពទាក់ទាញ និងមានភាពប្រកួតប្រជែងខ្ពស់ជាងមុន។
លោកជឿជាក់ថាព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលទទួលបាននឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
គណៈប្រតិភូ SBF ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ដោយផ្ទាល់នាឱកាសនេះ ជាសហគ្រាសដែលមានមុខសញ្ញាវិនិយោគ ក្នុងវិស័យកម្មន្តសាល សុខាភិបាល ទេសចរណ៍ បដិសណ្ឋារកិច្ច អប់រំ ព័ត៌មានវិទ្យា កសិ-ចំណីអាហារ និងសេវា៕