រដ្ឋាភិបាលអនុម័តទុនវិនិយោគក្នុងវិស័យសំណង់ជិត៥០០០លានដុល្លារនៅឆមាសទី១ តើផ្នែកណាមួយកើនច្រើនជាងគេ?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់បានកើនឡើងរហូតជិត៣៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំទឹកប្រាក់បានកើនឡើង ជិត៥០០០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបាន កើនឡើង៣៧.៧% ខណៈការនាំចូលសម្ភារ និងបរិក្ខារសំណង់បានកើនឡើង៤៤.១% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា​ បានឲ្យដឹងទៀតថា ក្នុងឆមាសទី១ឆ្នាំនេះ តម្លៃគម្រោងសំណង់ ទទួលបានការអនុម័តកើនឡើង៣៧.៧ភាគរយ ដែលតម្លៃប្រហែលជិត៥ពាន់លានដុល្លារ ​ក្នុងនោះសំណង់ឧស្សាហកម្ម​ កើនឡើង៩៣.៣% សំណង់លំនៅឋានកើនឡើង៨៤% និង សំណង់ផ្សេងៗ​កើនឡើង៣៩.៨% ស្របពេលសំណង់សាធារណៈ​កើន ២.៤%។​

រីឯការនាំចូលសម្ភារនិងបរិក្ខារសំណង់វិញ បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើង៤៤.១% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃប្រមាណជិត១៥០០លានដុល្លារ។ ​

ទោះជាយ៉ាងនេះក្តី ធនាគារជាតិបានលើកឡើងថា ទោះជាការនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើងខ្ពស់ ប៉ុន្តែវិស័យសំណង់នៅតែបន្តមានកំណើនទាប០.៧% ​​​ស្របពេលដែលលំហូរវិនិយោគផ្ទាល់បរទេសទៅកាន់វិស័យសំណង់បន្តធ្លាក់ចុះ១៤%។

រីឯការរទិញ លក់ក្នុងវិស័យអចលនទ្រព្យវិញ បន្តមានកំណើនទាប ០.៨% ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទាន សម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេស ក្នុងវិស័យនេះធ្លាក់ចុះ។

ធនាគារជាតិបានបញ្ជាក់ដែរថា សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) រួមបានថយចុះជាមធ្យម​៣.៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ បានថយ ​៣.៦% និង​តាមបណ្តាខេត្តបានថយចុះ៧.១% ​។ ជាមួយគ្នានេះ ទំហំឥណទានសម្រាប់លំនៅឋានបែងចែក តាមប្រភេទ សមាមាត្រ ៤៨.៦% នៃឥណទានសរុបបានថយចុះប្រមាណ​១៧.២%។​

ធនាគារជាតិនៃកម្ពុជា បន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការគាំទ្រការផ្តល់ឥណទាន ទៅកាន់វិស័យសំខាន់ៗ ការបន្ធូរបន្ថយអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញ ការសម្រួលលក្ខខណ្ឌឥណទាន ជាពិសេសទៅកាន់វិស័យអចលនទ្រព្យ កសិកម្ម ព្រមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here