ក្រុមហ៊ុនជប៉ុនមួយគ្រោងពង្រីកការវិនិយោគលើទឹកស្អាត និងទឹកពិសារនៅកម្ពុជា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. បានបង្ហាញបំណងពង្រីកការវិនិយោគលើការផ្គត់ផ្គង់ និងផលិតទឹកកស្អាត និងទឹកពិសារនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីថ្ងៃទី៦ សីហា នៅពេលជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd.។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោម​នស្សរីករាយដែលលោក IKEYA Yusuke និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

លោកអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល ដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង។

បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានលើកទ្បើងពីគំរូ និងភាពជោគជ័យ របស់បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនធំៗ នៅកម្ពុជាមួយចំនួនផងដែរ។

លោក IKEYA Yusuke បានធ្វើបទបង្ហាញខ្លីជូន លោកអគ្គលេខាធិការអំពីសាវតាររបស់ក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាន និងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធ នៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។

ក្រុមហ៊ុន Khmer Water Supply Holdings ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ២០១៣ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបំណង ពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យស្របនឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ក៏ដូចជាផ្តល់នូវអនុសាសន៍ណែនាំ ដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់ នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំឧស្សាហកម្ម និងរោងចក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។

បន្ថែមពីនេះ លោកអគ្គលេខាធិការបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជា ដើម្បីឆាប់ទទួលបាននូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍នានា ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here