តើទីផ្សារអចលនទ្រព្យដែលមានសន្ទុះរឹងមាំជាងគេបំផុតលើពិភពលោកមានទីតាំងស្ថិតក្នុងបណ្តាប្រទេសណាខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេល​សេដ្ឋកិច្ច​ពិភពលោក​​កំពុង​វិវឌ្ឍ​ន៍ទៅមុខ ទីផ្សារអចលនទ្រព្យ​នៅតែ​ជា​មូលដ្ឋានគ្រឹះយ៉ាងសំខាន់​ក្នុងការរក្សាទុកទ្រព្យសម្បត្តិ និង​ធានាស្ថិរភាព​ហិរញ្ញវត្ថុ។ ខាងក្រោមនេះជាបណ្តាប្រទេសចំនួន៥ លើពិភពលោក ដែលមានទីផ្សារអចលនទ្រព្យរឹងមាំជាងគេបំផុតគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥:

ទី១: ប្រទេសអេមីរ៉ាត់អារ៉ាប់រួម

ជាក់ស្តែង ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃកំពុងមានសភាពពុះកញ្ជ្រោលយ៉ាងគំហុក។ អត្រាផលចំណេញពីការជួលអចលនទ្រព្យនៅទីក្រុងឌូបៃនៅតែមានភាពទាក់ទាញក្នុងរង្វង់ចន្លោះពី៦ភាគរយទៅ៨ភាគរយ។ តម្លៃអចលនទ្រព្យនៅទីក្រុងឌូបៃបានហក់ឡើងកប់ពពក ដោយសារកំណើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)។

រដ្ឋាភិបាលរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានសម្រួលគោលនយោបាយផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលវែងដល់ជនបរទេស និងលើកលែងពន្ធលើអចលនទ្រព្យ។

ទី២: ប្រទេសព័រទុយហ្គាល់

រដ្ឋធានី Lisbon របស់ប្រទេសអឺរ៉ុបមួយនេះនៅតែជាទីផ្សារអចលនទ្រព្យ ដែលមានភាពរីកចម្រើនលឿនបំផុតមួយនៅទូទាំងពិភពលោក។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករណ៍ថា តម្លៃអចលនទ្រព្យនៅរដ្ឋធានីមួយនេះនឹងកើនឡើងចន្លោះពី៨ភាគរយទៅ១០ភាគរយក្នុងមួយឆ្នាំ។

ទី៣: ប្រទេសឥណ្ឌា

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសឥណ្ឌាកំពុងបង្ហាញពីស្ថានភាពរឹងមាំ។ នៅត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃលំនៅដ្ឋាននៅឥណ្ឌាបានកើនឡើង៤,២ភាគរយ ដោយដាក់ប្រទេសឥណ្ឌានៅចំណាត់ថ្នាក់ទី១៥ ក្នុងចំណោមទីផ្សារលំនៅដ្ឋានលំដាប់កំពូលចំនួន៥៥នៅទូទាំងពិភពលោក។

ទី៤: ប្រទេសអាហ្វ្រិកខាងត្បូង

ទីផ្សារអចលនទ្រព្យនៅរដ្ឋធានី Cape Town របស់ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេវាយតម្លៃថា ជាទីផ្សារ ដែលមានស្ថានភាពរឹងមាំបំផុតមួយលើពិភពលោក។ យោងតាមទិន្នន័យថ្មីៗបានបង្ហាញថា តម្លៃអចលនទ្រព្យនៅទីក្រុងមួយនេះបានហក់ឡើងប្រហែល១០ភាគរយជារៀងរាល់ឆ្នាំ។

ទី៥: ប្រទេសកូឡុំប៊ី

ប្រទេសកូឡុំប៊ីកំពុងក្លាយជាគោលដៅវិនិយោគអចលនទ្រព្យដ៏គួរឱ្យទាក់ទាញមួយលើពិភពលោក។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅប្រទេស ដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះបានហក់ឡើង៣៧,៩ភាគរយ ខណៈអត្រាផលចំណេញពីការជួលអចលនទ្រព្យស្ថិតក្នុងរង្វង់ចន្លោះពី៣,៣ភាគរយទៅ១០,៣ភាគរយ៕ប្រភព: The Economic Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here