ដោយ: គង់ លាងហួរ
អន្តរជាតិ: សណ្ឋាគារលំដាប់ផ្កាយ៥ “The Peninsula”ក្នុងទីក្រុងហុងកុងនៃប្រទេសចិនកំពុងផ្តោតលើការលក់រាយ អាហារឆ្ងាញ់ៗ និងសេវាកម្មលំដាប់ខ្ពស់ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងភ្ញៀវទេសចរណ៍អន្តរជាតិ។
ការផ្តោតរបស់សណ្ឋាគារលំដាប់ផ្កាយ៥ “The Peninsula”បានកើតឡើង ស្របពេលមានការកើនឡើងនៃការបើកសម្ពោធសណ្ឋាគារថ្មីក្នុងទីក្រុងហុងកុង និងក្នុងទីក្រុងសុិនជិន (Shenzhen)។នេះបើយោងតាមកាសែត South China Morning Post។
អត្រានៃការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ “The Peninsula”របស់ក្រុមហ៊ុនអភិវឌ្ឍន៍ Hongkong and Shanghai Hotels (HSH) បានកើនឡើងជាលំដាប់។ ទោះជាយ៉ាងណា តម្លៃបន្ទប់សណ្ឋាគារជាមធ្យមក្នុងមួយយប់បានដាំក្បាលចុះ២៧ភាគរយ។
លោក Benjamin Vuchot នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន HSH បានអះអាងថា “សណ្ឋាគារ The Peninsula កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីសណ្ឋាគារនានានៅទីក្រុង Shenzhen”។
លោកបានកត់សម្គាល់ថា “ប្រជាជនចិនដីគោកបានសម្រេចកក់បន្ទប់សណ្ឋាគារនៅទីក្រុង Shenzhen និងបន្តធ្វើដំណើរមួយថ្ងៃទៅកាន់ទីក្រុងហុងកុង។ការណ៍នេះបង្កភាពងាយស្រួល និងជួយសន្សំសំចៃថវិកាសម្រាប់អ្នកដំណើរមកពីតំបន់ចិនដីគោក”។
ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងទៀត រួមមានដូចជា ក្រុមហ៊ុន Wharf Holdings និងក្រុមហ៊ុន CK Asset Holdings ក៏បានលើកឡើងនូវបញ្ហាប្រឈមស្រដៀងគ្នានេះផងដែរ។
បច្ចុប្បន្ន ភ្ញៀវទេសចរណ៍មានការប្រុងប្រយ័ត្នខ្ពស់ មុនពេលចាយវាយ។ប្រការនេះបានធ្វើឱ្យតម្លៃបន្ទប់សណ្ឋាគារធ្លាក់ចុះ ទោះបីជាចំនួនភ្ញៀវទេសចរណ៍ចូលមកកាន់ទីក្រុងហុងកុងបានហក់ឡើង១១,៧ភាគរយដល់ចំនួន២៣,៦៤លាននាក់ក្នុងឆមាសទី១ ឆ្នាំនេះយ៉ាងណាក្តី៕ប្រភព: SCMP៕