ទំហំ​នៃ​ការនាំចេញ​កាបូប​ទៅកាន់​សហរដ្ឋអាមេរិក​កើនឡើង​ដល់​ ៥០០លាន​ដុល្លារ​

0
កម្មការិនីកំពុងដេរកាបូប។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យ​ដឹង​ថា​ តាមរយៈ​កម្មវិធី​អនុគ្រោះ​ពន្ធ​ GSP​ របស់​សហរដ្ឋអាមេរិក​ បាន​ធ្វើ​ឱ្យ​ទំហំ​នៃ​ការនាំចេញ​ទៅ​អាមេរិក​បាន​កើនឡើង​ជាលំដាប់​ ជាពិសេស​លើ​ផលិតផល​កាបូប​ធ្វើដំណើរ​ ដែល​មាន​ទំហំ​ប្រមាណ​ជិត​ ៥០០លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ២០១៨​។

លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ការិយាល័យ​ឧបការី​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ ដឹកនាំ​ដោយ​លោក​បណ្ឌិត​ កាល​ អ៊ី​លើ​ (Karl​ Ehlers​) ឧបការី​នៃ​ការិយាល័យ​តំណាង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ៥ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បាន​ថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ ដោយ​ ជាមួយ​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​ជម្រាប​ឲ្យដឹង​ដែរ​ថា​ ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធគយ​នេះ​ ក៏បាន​ទាក់ទាញ​វិនិយោគិន​អាមេរិក​ផង​ដែរ​ ដូចជា​ក្រុមហ៊ុន​ផលិត​កាបូប​ប្រណិត​ម៉ាក​ Tumi​ ជាដើម​។

លោក​បណ្ឌិត​ កាល​ អ៊ី​លើ​ បាន​សម្ដែង​ការ​ឯកភាព​អំពី​ការ​រីក​ចំរើន​នៃ​ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា​ ដោយ​បាន​ជម្រាប​ជូន​ថា​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទទួលផល​ធំ​ទី៨​ ពី​កម្មវិធី​ GSP​ ហើយ​ការ​រីកចម្រើន​នេះ​ផង​ដែរ​ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​កាត់ដេរ​ ស្បែកជើង​ និង​កាបូប​នៅ​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ នៅក្នុង​ឆ្នាំ២០១៨​ មាន​ទឹកប្រាក់​ប្រមាណ​ ៣,៣១ពាន់​លាន​ដុល្លារ​អាមេរិក​ បាន​កើនឡើង​ ២៧​% ធៀប​នឹង​ឆ្នាំ២០១៧​ ដែល​មានត្រឹមតែ​ ២,៦១ប៊ី​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ ការ​ចេញ​របស់​កម្ពុជា​ មានតម្លៃ​ ២,៨៨ប៊ី​លាន​ដុល្លារ​ និង​នាំចូល​មានតម្លៃ​ ៤២៦លាន​ដុល្លារ​ ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ ក្លាយជា​ទីផ្សារ​ធំ​លំដាប់​ទីពីរ​របស់​កម្ពុជា​ ។

នៅក្នុង​ឆ្នាំ២០១៨​ វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ នៅក្នុង​នោះ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ ទី​កាន់​ទីផ្សារ​អន្តរជាតិ​ មាន​ទឹកប្រាក់​ ១២,១ប៊ី​លាន​ដុល្លារ​អាមេរិក​ ដែល​បាន​កើនឡើង​ ១០​% ធៀប​នឹង​ឆ្នាំ២០១៧​ ហើយ​ទឹកប្រាក់​នេះ​ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ អាច​នឹង​កើនឡើង​ដល់​ប្រមាណ​ ១៣ប៊ី​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ២០១៩​ ខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here