ដោយ គង់ សូរិយា
ភ្នំពេញៈ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃ៦៤លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារនីហរ័ណ អហរ័ណនៅក្រុងតាខ្មៅ ខេត្តកណ្តាលបានចាប់ផ្តើមដំណើរការសាងសង់ហើយ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារក្រសួងចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹកកខ្វក់ ការតបណ្ដាញលូ និងការស្ដារគំរោងនេះកាលពីថ្ងៃទី១២ មិថុនាកន្លងមកនេះ។
ការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹក ការតបណ្ដាញលូពីផ្ទះប្រជាពលរដ្ឋ និងការស្ដារស្ទឹងនេះ ធ្វើឡើងក្រោមគម្រោងកម្ចីឥណទានសម្បទានរបស់ធនាគារនីហរ័ណ អាហរ័ណកូរ៉េ នូវទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក ក្នុងគោលបំណងដើម្បីរក្សាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិ។
អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ៧៦០០ម៣/ថ្ងៃ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទាំង១០ ទីតាំងមានសមត្ថភាពបូមបាន២៩៩៥២ម៣/ថ្ងៃ។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រចាំឆ្នាំ ប្រកបដោយស្ថេរភាព និងរឹងមាំ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា ដែលជាកត្តាជំរុញឱ្យតម្រូវការប្រើប្រាស់ទឹក ក៏ដូចសម្ភារៈផ្សេងៗមានការកើនឡើង ព្រមទាំងធ្វើឱ្យមានការហូរចូលនូវវិនិយោគចម្រុះរួមមាន ការសាងសង់អគារខុនដូ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលធ្វើឱ្យបរិមាណទឹកកខ្វក់មានការកើនឡើងផងដែរ៕