ដោយ ប៊ី
ភ្នំពេញៈ ធនាគារ PT Bank Mandiri (Persero) Tbk ដែលមូលដ្ឋាននៅឥណ្ឌូនេស៊ីកំពុងផ្តោតលើការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារកម្ពុជា និងឡាវ ស្របពេលទីផ្សារអាស៊ីអាគ្នេយ៍ទាំងពីរនេះ កំពុងក្លាយជាទីផ្សារហិរញ្ញវត្ថុដ៏មានសក្តានុពល។
លោក Rohan Nafas រដ្ឋលេខាធិការធនាការ Bank Mandiri បាននិយាយថ្លែងប្រាប់សារព័ត៌មានឥណ្ឌូនេស៊ីមួយថា “ធនាគារមានទស្សនវិស័យបានបើកចំហកាន់តែខ្លាំងឡើង នៅក្នុងប្រទេសទាំងពីរខាងលើ ស្របពេលប្រទេសទាំងពីរបាន និងកំពុងចាប់ផ្តើមមានការអភិវឌ្ឍ។
កាលពេលថ្មីៗនេះ ធនាគារ Bank Mandiri មានផែនការក្នុងទិញយកធនាគារចំនួនពីរនៅប្រទេសហ្វីលីពីន។ ប៉ុន្តែគម្រោងនេះត្រូវបានបញ្ឈប់ ដោយសារតែឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសនេះ មិនត្រូវបានគេចាត់ទុកថាមានស្ថេរភាពខ្លាំងទេ។
ឥឡូវនេះ ធនាគារ Bank Mandiri កំពុងសម្លឹងរកការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជា និងឡាវ ព្រោះទីផ្សារនៅក្នុងប្រទេសទាំងពីរ នៅមានលក្ខណៈទូលំទូលាយសម្រាប់ធ្វើការវិនិយោគ។
ទោះជាយ៉ាងនេះក្តី លោកបានកត់សម្គាល់ថា ធនាគារ Bank Mandiri នៅមិនទាន់បានសម្រេចចិត្តលើអាជីវកម្មជាក់លាក់ ដែលពួកគេចង់វិនិយោគនៅក្នុងប្រទេសទាំងពីរនេះនៅឡើយទេ។
លោក Rohan បានបន្ថែមថា “ការផ្តោតលើការពង្រីកអាជីវកម្មគួរតែផ្តោតលើវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបន្តថា “យើងនៅតែកំពុងស្វែងរកទម្រង់អាជីវកម្មល្អបំផុតនៅក្នុងប្រទេសទាំងពីរនេះ មិនថាវិស័យធនាគារ ឬឧស្សាហកម្មហិរញ្ញវត្ថុទេ។
ធនាគារដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ីនេះ បានបង្កើតមូលនិធិវិនិយោគដ៏ធំមួយដើម្បីជ្រៀតចូលទីផ្សារនៅប្រទេសឡាវ និងប្រទេសកម្ពុជាចន្លោះពី ២១ ទៅ ២២ ភាគរយ។
លោក Rohan បាននិយាយថា “មូលនិធិវិនិយោគនេះ នឹងពង្រីកសិទ្ធិកាន់កាប់ធនាគារ។
វិស័យធនាគារ និងហិរញ្ញវត្ថុបានបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញសេដ្ឋកិច្ច ស្របពេលសេដ្ឋកិច្ចនៅតែបន្តភាពរឹងមាំ ដែលគាំទ្រដោយកំណើនវិស័យកាត់ដេរ សំណង់ និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិចនៃវិស័យកសិកម្ម។
ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង១៩,២ភាគរយ ស្មើនឹងនឹង១៦៦ នៃផ.ស.ស ឥណទាន ១០៣ភាគរយ និងប្រាក់បញ្ញើ៩២ភាគរយនៃផ.ស.ស (ផលិតផលសរុបក្នុងស្រុក)។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជាស្តីពី លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី។
របាយការខាងលើបានបន្ថែមថា គុណភាពសំពាធឥណទានបន្តស្ថិតក្នុងស្ថានភាពល្អ ដោយអនុបាតឥណទានមិនដំណើរការមានកម្រិត២,៣ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និង ១,១ ភាគរយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោកប៊ុន មុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា វិស័យវត្ថុមានការរីកចំរើន ខណៈកម្ពុជាបាននិងកំពុងទទួលបានក្រុមហ៊ុនហិរញ្ញវត្ថុថ្មីៗដែលនឹងចូលរួមបន្ថែមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោកបានឲ្យដឹងថា “វារឿងល្អមួយសម្រាប់អ្នកវិនិយោគទុន ចូលមកនៅក្នុងប្រទេសជាតិរបស់យើង ធ្វើឲ្យមានការរីកចំរើន និងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយចំពោះការចូលមករបស់អ្នកចំណូលថ្មីដូចជាមកពី តៃវ៉ាន់ និងកូរ៉េ ជារឿងមួយសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាយើង។
លោកថាបន្ថែមថា “គាត់(ប្រជាជន)អាចមានជម្រើសច្រើន ហើយកត្តាមួយដែលល្អគឺថា បើទោះបីមានអ្នកប្រកួតប្រជែងច្រើន ប៉ុន្តែវានឹងមានការផ្លាស់ប្តូរ សេដ្ឋកិច្ចយើងនឹងមានការវិវត្តន៍ឈានឡើងបន្តបន្ទាប់ទៀត”៕