ចំណេះដឹង​! តើ​អ្នកលក់​អចលនទ្រព្យ​ត្រូវ​មាន​កាតព្វកិច្ច​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កាតព្វកិច្ច​សំខាន់​ទីមួយ​របស់​អ្នកលក់​ គឺ​ត្រូវ​ប្រគល់​វត្ថុ​ ឬផ្ទេរសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​ ដែល​គាត់​បាន​ព្រមព្រៀង​លក់​ទៅ​ឲ្យ​អ្នកទិញ​ (មាត្រា​ ៥៣០​)។ សិទ្ធិ​លើ​ទ្រព្យ​ ឬវត្ថុ​ ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​នេះ​ ត្រូវតែ​មាន​បរិមាណ​និង​គុណភាព​ ដូច​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​។

ម្យ៉ាងទៀត​ ប្រសិនបើ​ការ​ប្រគល់​វត្ថុ​ ឬការផ្ទេរ​សិទ្ធិ​លើ​ទ្រព្យ​ ត្រូវ​ធ្វើ​នៅ​ក្រោយ​ការបង្កើត​កិច្ចសន្យា​ទិញ​លក់​ អ្នកលក់​ មាន​ករណីយកិច្ច​ថែរក្សា​វត្ថុ​ ឬទ្រព្យ​នោះ​ឲ្យបាន​គង់​វង់​ល្អ​ រហូតដល់​ពេល​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​(មាត្រា​ ៥៥២​)។

ច្បាប់​តម្រូវឲ្យ​អ្នកលក់​ថែរក្សា​វត្ថុ​ ឬទ្រព្យ​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់​នេះ​ ឲ្យបាន​ហ្មត់ចត់​ “ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ដ៏​ល្អ​” (គឺ​ថែរក្សា​ដូចជា​ការ​ថែរក្សា​ទ្រព្យ​ផ្ទាល់ខ្លួន​ឯង​ផ្សេងទៀត​អ៊ីចឹង​ដែរ​) មិនមែន​អាងតែ​បាន​ចុះ​កិច្ចសន្យាលក់​រួចហើយ​ ទុក​វត្ថុ​នោះ​ចោល​លែង​រវីរវល់​ថែទាំ​ នាំឲ្យ​បាត់បង់​ឬខូចខាត​នោះ​ទេ​។

ក្នុងករណី​ដែល​អ្នកលក់​ធ្វើឲ្យ​បាត់បង់​ឬធ្វើឲ្យខូច​ខាត​វត្ថុ​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់​ ដោយសារតែ​មានការ​ធ្វេសប្រហែស​ មិនបាន​គោរព​ករណីយកិច្ច​ថែរក្សា​វត្ថុ​ ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ​ទេ​ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្នកទិញ​ ទៅតាម​អ្វី​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​ ឬត្រូវ​សង​សំណង​ខូចខាត​ ទៅតាម​ការ​ចែង​ក្នុង​ក្រមរ​ដ្ឋ​ប្ប​វេណី​ ទាក់ទង​នឹង​សំណង​ខូចខាត​ ក្នុងករណី​មិន​គោរព​កាតព្វកិច្ច​តាម​កិច្ចសន្យា​ (ផ្នែក​ទី៣​ ជំពូក​ទី៤​ គន្ថី​ទី៤​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​)។

ករណីយកិច្ច​សំខាន់​មួយទៀត​របស់​អ្នកលក់​ គឺ​ករណីយកិច្ច​ផ្តល់​ព័ត៌មាន​ចំពោះ​អ្នកទិញ​ គឺ​ព័ត៌មាន​ចាំបាច់​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​វត្ថុ​ ដែល​ខ្លួន​លក់​នេះ​ ជាពិសេស​ក្នុងករណី​លក់​ផ្ទះ​ ឬក៏​ដីធ្លី​ អ្នកលក់​ត្រូវ​ពន្យល់​ដល់​អ្នកទិញ​ឲ្យបាន​ច្បាស់លាស់​ អំពី​ខ្លឹមសារ​នៃ​សិទ្ធិ​លើ​អចលនវត្ថុ​ អំពី​ព្រំដែន​នៃ​អចលនវត្ថុ​ និង​ពី​បន្ទុក​ផ្សេង​ៗ ដែល​អាច​មាន​លើ​អចលនវត្ថុ​នេះ​ ដូចជា​ ករណី​មាន​សេវភាព​តម្រូវឲ្យ​បើកផ្លូវ​ឆ្លងកាត់​ ទៅ​ដី​អ្នកជិតខាង​ជាដើម​។

ប្រសិនបើ​អ្នកលក់​មិន​បំពេញ​ តាម​ករណីយកិច្ច​ផ្តល់​ព័ត៌មាន​នេះ​ទេ​ ឬផ្តល់​ព័ត៌មាន​មិន​គ្រប់គ្រាន់​ឬមិន​ច្បាស់លាស់​ គាត់​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ណាមួយ​ ដែល​កើតឡើង​ ដោយសារ​ការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​នេះ​។

​;ម្យ៉ាងទៀត​ ប្រសិនបើ​អ្នកលក់​ផ្តល់​ព័ត៌មាន​មិន​ពិត​ ឬលាក់បាំង​ការពិត​ដោយចេតនា​ ហើយ​ព័ត៌មាន​មិន​ពិត​ ឬព័ត៌មាន​ដែល​លាក់កំបាំង​នេះ​គឺជា​ចំណុច​សំខាន់​ ដែល​មាន​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​របស់​អ្នកទិញ​ ក្នុងករណី​នេះ​ អ្នកទិញ​អាច​សុំ​លុបចោល​កិច្ចសន្យា​នេះ​វិញ​បាន​ ដោយ​លើកយក​ការ​ឆបោក​មក​ធ្វើជា​មូលហេតុ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here