អ្នកជំនាញ​បង្ហើប​ពី​ឱកាស​អាជីវកម្ម​អាហារដ្ឋាន​បែប​លម្ហែ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​

0

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ ការបង្កើត​អាជីវកម្ម​ផ្នែក​បម្រើសេវា​ចំណីអាហារ​នៅ​តាម​បណ្តា​ទីប្រជុំជន​នានា​ហាក់​មិនសូវ​ពិបាក​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ពិបាក​បំផុត​នោះ​គឺ​ការ​រក្សា​ដំណើរ​អាជីវកម្ម​បាន​ប្រកបដោយ​ភាព​ជោគជ័យ​ និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពីសំណាក់​អតិថិជន​ ជាពិសេស​ការ​ជ្រើសរើស​ទីតាំង​ដែល​មាន​សក្ដានុពល​ និង​មានប្រសិទ្ធភាព​ក្នុង​ការ​លក់​ខ្ពស់​។

លោក​ ឡេង​ ឃេ​រី​ នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ឌីជីថល​របស់​ក្រុមហ៊ុន​ រ៉ិច​ មី​ (Riich​ Me​ Co​., Ltd​) ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ បាន​មានប្រសាសន៍​នៅក្នុង​អង្គ​សិក្ខាសាលា​ស្ដីពី​ “ឱកាស​អាជីវកម្ម​នៅ​អាហារដ្ឋាន​បែប​លម្ហែ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​” កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា​ គ្រប់មុខ​អាជីវកម្ម​ទាំងអស់​ ការ​ជ្រើសរើស​ទីតាំង​គឺជា​រឿង​សំខាន់​បំផុត​។

លោក​បាន​បន្ត​ទៀត​ថា​ ការបង្កើត​អាជីវកម្ម​ហាក់​មិនមែន​ជា​រឿង​ដែល​ពិបាកធ្វើ​នោះ​ទេ​ ប៉ុន្តែ​កាលដែល​អាច​រក្សា​បាន​នូវ​ដំណើរការ​អាជីវកម្ម​ និង​ប្រក​ដោយ​ភាព​ជោគជ័យ​នោះ​ទើប​ជា​រឿង​ដែល​ពិបាកធ្វើ​បំផុត​”។

លោក​ ឡេង​ ឃេ​រី​ បាន​បន្ត​ទៀត​ថា​ “ភាព​ជោគជ័យ​របស់​អាជីវកម្ម​ផ្នែក​ចំណីអាហារ​ គឺ​ពាក់ព័ន្ធ​សំខាន់​ទៅ​នឹង​ការ​ជ្រើសរើស​ទីតាំង​ គួបផ្សំ​ជាមួយនឹង​គុណភាព​នៃ​សេវាកម្ម​ ការ​តុបតែង​លម្អ​ បរិយាកាស​ជុំវិញ​ អនាម័យ​ ជាពិសេស​គុណភាព​នៃ​រសជាតិ​”។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​សួន​អាហារដ្ឋាន​បែប​លម្ហែ​ដែល​បង្កើត​ឡើង​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​យកចិត្ត​ទុកដាក់​ផ្នែក​សុវត្ថិភាព​ ផាសុកភាព​ សោភ័ណភាព​ អនាម័យ​ និង​បរិយាកាស​ល្អ​គួរ​ជាទី​ទាក់ទាញ​ ជាពិសេស​ផ្តល់​ភាព​ងាយស្រួល​ដល់​បណ្តា​អាជីវករ​ទាំងអស់​ដែល​ជា​ដៃគូ​”។

លោក​ រត​ន៍​ ទិ​ត្យា​មុ​ន្នី​ ម្ចាស់ហាង​អាហារដ្ឋាន​ ទឹកស៊ុប​ ដែល​បាន​ជួល​ទីតាំង​សួន​អាហារ​បែប​លម្ហែ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2BPark​ សម្រាប់​ដំណើរការ​សាខា​ថ្មី​បន្ថែម​ទៀត​នោះ​ បាន​ទទួលស្គាល់​នូវ​ការ​លើកឡើង​ខាងលើ​នេះ​ ដោយ​លោក​បាន​លើកយក​បទពិសោធន៍​ផ្ទាល់ខ្លួន​នៅក្នុង​ដំណើរ​អាជីវកម្ម​របស់​លោក​បាន​បង្ហាញថា​ “ការ​ធ្វើអាជីវកម្ម​ផ្នែក​ចំណីអាហារ​ ការបង្កើត​រសជាតិ​គឺជា​រឿង​សំខាន់​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ក៏​ត្រូវ​មានក​ត្តា​ផ្សេង​ៗជាច្រើន​ទៀត​ចូលរួម​ ដូចជា​ សោភ័ណភាព​ អនាម័យ​ ការ​ផ្តល់​សេវាកម្ម​ល្អ​ រួម​ជាមួយនឹង​ទីធ្លា​ចំណត​ដែល​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ ក្រោម​ការ​ទទួល​បាន​ភាព​ជោគជ័យ​លើ​អាជីវកម្ម​របស់ខ្ញុំ​ ខ្ញុំ​បានសម្រេច​ចិត្ត​បង្កើត​សាខា​បន្ថែម​ទៀត​ ដោយ​ជ្រើស​យក​ទីតាំង​ដែល​គួរ​ជាទី​ទាក់ទាញ​ ទំនើប​ ស្អាត​ ទាន់សម័យ​ ដែល​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​អាជីវកម្ម​របស់ខ្ញុំ​”។

ស្រដៀងគ្នា​នេះ​ លោក​ អឿន​ តុលា​ ម្ចាស់ហាង​ Bee​ Cocktail​ ក៏បាន​គាំទ្រ​មតិ​ដែល​បាន​លើកឡើង​ខាងលើ​នេះ​ផង​ដែរ​។

លោក​បាន​មានប្រសាសន៍​ថា​ “ធម្មតា​ អតិថិជន​តែង​ចង់បាន​នូវ​អ្វី​ដែល​ថ្មី​ ល្អ​ ប្លែក​ ដែល​សូម្បីតែ​ចំណីអាហារ​ដែល​មាន​ចម្អិន​ ក៏​ត្រូវតែ​មាន​សិល្បៈ​ក្នុង​ការរៀបចំ​ រួម​ជាមួយនឹង​ការ​តុបតែង​លម្អ​ទីតាំង​ ឱ្យ​មាន​ភាព​ស៊ីវិល័យ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ទីតាំង​ល្អ​ស្អាត​ គឺជា​ចំណុច​មួយ​ដ៏​ទាក់ទាញ​បំផុត​ ដែល​អាច​អនុញ្ញាត​ឱ្យ​អតិថិជន​អង្គុយលេង​ បណ្តែត​អារម្មណ៍​ ជាមួយនឹង​ការ​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​”។

លោកស្រី​ សុត​ សី​ម៉ា​ ម្ចាស់ហាង​អាហារដ្ឋាន​ Happy​ Plate​ បាន​មានប្រសាសន៍​ថា​ ​ក្រៅពី​មាន​ទីតាំង​ល្អ​ ប្រមូល​ផ្តុំ​ទៅ​ដោយ​អតិថិជន​ច្រើន​ ក៏​ត្រូវតែ​ចក្ខុវិស័យ​វែងឆ្ងាយ​ ច្បាស់លាស់​ រួម​ជាមួយនឹង​ការ​ចេះ​ធ្វើ​ផែនការអាជីវកម្ម​ និង​ការ​ផ្សព្វផ្សាយ​ពី​ចំណុច​ល្អ​ ភាព​លេចធ្លោ​របស់​ហាង​ចេញទៅ​កាន់​ទីផ្សារ​រួម​ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here