អាគារកប់ពពកនៃគម្រោងOlympia Cityត្រៀមបង្ហាញខ្លួនពេញលេញ នៅចុងឆ្នាំ២០២១

0

ដោយគង់ សូរិយា

         ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពក ដែលជាអាគារមេនៃគម្រោងOlympia City កំពស់៣៨ជាន់ និង៥៥ជាន់ បាននិងកំពុងសាងសង់យ៉ាងសកម្ម និងគ្រោងបញ្ចប់គ្រោងអាគារនៅចុងឆ្នាំ២០២១ខាងមុខនេះ បើសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

ប្រធានគ្រប់គ្រងគំរោងOlypia City លោកវិស្វករម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ កុម្ភៈនេះថា អាគារមេនៃគម្រោងOlympia Cityបានសាងសង់់ដល់ជាន់ទី១៨ហើយ នៃគម្រោងកំពស់៥៥ជាន់។ ចំណែកអាគារមេមួយទៀតដែល​មានកំពស់៣៨ជាន់ រហូតមកទល់ពេលនេះសាងសង់់បានដល់ជាន់ទី១៥ផងដែរ។

លោកបន្តថា “បើតាមផែនការគ្រោងអាគារនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ​២០២១ខាងមុខនេះ ដែលសរុបការចំណាយមានប្រមាណ១០០លានដុល្លារ ដែលតម្លៃនេះគិតតែតួអាគារប៉ុណ្ណោះ”។ លោកបន្តថា “អាគារកំពស់៣៨ជាន់់ ត្រូវបានក្រុមហ៊ុនរៀប​ចំធ្វើជាសណ្ឋាគារកម្រិតផ្កាយ៥ និងអាគារកំពស់៥៥ជាន់ នឹងប្រើប្រាស់ជាការិយា​ល័យ និងសេវាកម្មអាផាតម៉ិន”។

លោកម៉េង ចំរើនបានបន្តឲ្យដឹងទៀតថា ទោះជាយ៉ាងណាគំរោងនេះ អាចមានការប្រែប្រួល ដោយសារបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគបរេទេស កំពុងចែចូវទិញអាគារទាំងពីរនេះ ប៉ុន្តែការសម្រេចយ៉ាងណា លោកមិនបញ្ជាក់ឲ្យចដឹងលំអិតនៅឡើយទេ។

Olympia Cityជាគម្រោងមួយស្ថិតនៅតំបន់ពាណិជ្ជកម្ម កណ្តាលរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។

គំរោងនេះរួមបញ្ចូលនូវផ្សារទំនើប ខុនដូ ការិយាល័យ អាផាតម៉ិន សណ្ឋាគារ ក្លឹប​ហាត់ប្រាណ Clubជាដើម។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនវិនិយោគគំរោងនេះធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះត្រូវចំណាយប្រាក់ប្រមាណ៥០០លានដុល្លា​រអាមេរិក ដែលការចំណាយនេះគឺគិតតែលើតួអាគារ ដោយមិនរួចបញ្ចូលការឌីសា​ញ និងតម្លៃដីនៅតំបន់នេះនោះទេ។

លោកបន្តថា “គំរោងនេះទទួលបានជោគជ័យរួចហើយ បើគិតមកទល់ពេលនេះ​ដោយសារលក្ខខ័ណ្ឌទីតាំងមានភាពអំណោយផល ដែលបណ្តុំដោយមជ្ឈមណ្ឌលពាណិ​ជ្ជកម្ម ការសាងសង់ដោយផ្តោតលើគុណភាព និងទស្សនវិស័យរួមរបស់ក្រុមហ៊ុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here