ដោយ វុត្ថា
ភ្នំពេញ៖ សមាគមអ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination – Heritage (International)។
ក្រសួងទេសចរណ៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានបន្តឱ្យដឹងថា នេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា ដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើង ព្រមទាំងកាន់តែត្រូវបានពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។
ក្រសួងបន្តថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន បានឱ្យដឹងថា នេះ គឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជាដែលទទួលបានកោតសសើរពីសមាគមទេសចរណ៍អន្តរជាតិ។ មិនតែប៉ុណ្ណោះ ការចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត គឺជាចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។
លោកបន្តថា កម្ពុជានឹងទទួលបានផលចំណេញពីការផ្សព្វផ្សាយរបស់សមាគមនេះ ដោយកន្លងមកក៏មានស្ថាប័នអន្តរជាតិ Trip Adviser បានកោតសសើរ និងចាត់ទុកប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញផងដែរ។ ផលចំណេញដែលនឹងទទួលបានគឺស្គាល់ប្រទេសកម្ពុជា និងទទួលបានចំណូលទាំងផ្ទាល់ និងប្រយោលពីភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
លោកបន្ថែមទៀតថា ទន្ទឹមនឹងការកោតសើរនេះ អ្នកធ្វើការក្នុងវិស័យទេសចរណ៍កុំមានអរិភាពនឹងគ្នា ពោលគឺអ្នកស៊ីក្នុងវិស័សទេសចរណ៍កុំមានការតម្លើងថ្លៃខ្ពស់ពេក និងមន្ត្រីនៅតាមច្រកព្រំដែន និងព្រលានយន្តហោះកុំទាលុយពីភ្ញៀវទេសចរណ៍ ព្រមទាំងរៀបចំសណ្តាប់ធ្លាប់ និងអនាម័យឱ្យបានល្អ នោះវិស័យទេសចរណ៍របស់កម្ពុជាកាន់តែមានភាពទាក់ទាញ៕