រដ្ឋាភិបាល​ចាប់ផ្ដើម​សិក្សា​ប្លង់គោល​ប្រើប្រាស់​ដី​នៅ​តំបន់​ឧទ្យាន​ជាតិសំខាន់ៗចំនួន៤

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាននិងកំពុង​ចាប់ផ្ដើម​សិក្សា និង​កំណ​តើ​ប្លង់គោល​សម្រាប់​ប្រើប្រាស់​ដី នៅ​តំបន់​ឧទ្យាន​ជាតិសំខាន់ៗចំនួន៤ បន្ថែមទៀត ដែល​គេ​រំពឹងថា ការអភិវឌ្ឍន៍​តាម​ប្លង់គោល​នេះ នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការរៀបចំ​ដែនដី​នៃ​កម្ពុជា និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៦ នៃ​រដ្ឋសភា។

យោងតាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បានចេញ​ផ្សាយ​កាលពី​ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បាន​បង្ហាញថា តំបន់​ឧទ្យាន​ចំនួន៤ ខាងលើនេះ​រួមមាន ឧទ្យាន​ជាតិ​ព្រះសីហនុ (រាម) ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​កុស​មៈ (គីរីរម្យ) ឧទ្យាន​ជាតិ​កែប និង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម (គូលែន) ។

គម្រោង​សិក្សា និង​ប្រើប្រាស់​ប្លង់គោល​របស់​ក្រុមការងារ​ជំនាញ នៃ​ក្រសួង​រៀបចំ​ដែនដី បាន​សិក្សា​ស្រាវជ្រាវ​ឃើញថា ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​ទាំង៤នេះ មាន​សក្តានុពល​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​ទៅជា​ទីក្រុង​ទេសចរណ៍​ដ៏​ពិសិដ្ឋ​មួយ មាន​អាកាសធាតុ​ត្រជាក់ ទេសភាព​ធម្មជាតិ តំបន់ភ្នំ និង​សមុទ្រ​ដ៏​ល្អ​ឯក​គ្មាន​ពីរ។

ផ្អែក​តាម​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ និង​ដើម្បី​បង្ហាញ​កិត្យានុភាព​ជាតិ តាមរយៈ​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី បាន​ផ្តួចផ្តើម​រក្សា និង​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ក្នុង​ចក្ខុវិស័យ​ឆ្នាំ២០៣៥ ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ អ្នកវិនិយោគ និង​ធុរជន​ជាតិ-អន្តរជាតិ​ទាំងអស់ ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ គម្រោង​អភិវឌ្ឍ​នៅតាម​តំបន់​ឧទ្យាន​ជាតិ​នានា ក៏ដូចជា​វិនិយោគ​នៅ​កម្ពុ​ជាមាន​ជាអាទិ៍ ការអភិវឌ្ឍ​ទេសចរណ៍ លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បរិស្ថាន សេដ្ឋកិច្ច និង​សង្គម ដូចជា​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ជាដើម។

លោក​បាន​បញ្ជាក់ថា “រាល់​ការវិនិយោគ​ទាំងអស់​ខាងលើនេះ សុទ្ធសឹង​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព មាន​បរិ​យា​ប័ន្ន មាន​ភាព​ធន់ និង​មាន​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​អន្តរជាតិ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here