ដោយគង់ សូរិយា
ភ្នំពេញៈ ក្រោមជំនោរព៌ណមាសនាពេលសាយ័ន្ត មនុស្សម្នាមនុស្សស្រីទាំងជាតិ និងអន្តរជាតិបានឈរថតរុបសែលហ្វី ខ្លះដឹកដៃកូន ខ្លះអង្គុយទទួលទានអាហារ និងផឹកស្រាបៀរជាមួយធុងបាស់ ប្រគុំតន្ត្រីយ៉ាងពិរោះរងំ។
ប្រវត្តិសាស្ត្រនៃការបង្ហូរឈាមបានដៅជាប់នៅទីនេះ ជាមួយនឹងស្នាដៃនៃបុរសខ្លាំងកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលបានតស៊ូ និងដឹកនាំប្រទេសចេញពីបាតដៃទទេ មករកអនាគតភ្លឺស្វាងនៅលើដែនដីកំសត់មួយនេះ។
សាងសង់ដោយស្ថាបត្យករជំនាញ និងគូរប្លង់ប្រដោយដោយគិតបណ្ឌិត ជាមួយនឹងការរចនា និងកសាងរូបសំណាកមានភាពរសរវើក ពិសេសរចនាបទនៃវិមាននេះបានបង្ហាញនូវសមិទ្ឋិផលជាតិដ៏សម្បើម និងរំលឹកឡើងពីពលិកម្មដោយយកជីវិតទៅប្តូររបស់មេដឹកនាំកម្ពុជា។
ឈរនៅលើខឿននៃវិមានឈ្នះ ឈ្នះ ដែលឈរយ៉ាងត្រដែតត្រដឹម ទល់មុខនឹងពហុកីឡាដ្ឋានមរតកសម្តេចតេជោ ហាក់ធ្វើឲ្យស្មេរនឹកដល់អតីតកាលដ៏ខ្លោចផ្សារ និងពលិកម្មរាប់មិនអស់របស់បុព្វបុរសខ្មែរ ពិសេសសម្តេចតេជោហ៊ុន សែនដែលលោកបានរងរបួសរហូតពិកាភ្នែកម្ខាង ដើម្បីជាតិ មាតុភូមិ។
រវល់តែបណ្តែងអារម្មណ៍៍នឹករឿងកន្លង ដែលធ្លាប់់ឆ្លងកាត់ (តែស្មេរស្ថិតក្នុងវ័យកុមារភាព) យើងក៏បានលឺសម្លេងនិយាយភាសាអង់គ្លេស ដែលបញ្ចេញសម្លេងបែបជនជាតិឥណ្ឌា នោះពួកគេពិតជាជនជាតិឥណ្ឌា និងអឺរ៉ុបមួយក្រុមដែលបានឈរថតរូប និងជជែកគ្នាលេងពីនេះពីនោះ តាមរសនិយមនៃថ្វីមាត់របស់ពួកគេ។
ស្ថិតនៅប្របមហាវិថីឈ្នះ ឈ្នះ វិមានឈ្នះ ឈ្នះមិនត្រង់តែសំណង់នៃវីរៈភាព និងឧត្តមគតិជាតិនោះទេ ប៉ុន្តែវាបាននិងកំពុងបង្ហាញកម្ពុជាកំពុងដើរលើផ្លូវត្រូវ ធ្វើឲ្យកិត្យានុភាពជាតិកាន់តែលេចត្រដែតលើឆាកអន្តរជាតិ។
ប្រវត្តិវិមានឈ្នះ ឈ្នះ
វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨កន្លងមកនេះ។ ថ្ងៃសម្ភោធវិមានឈ្នះ ឈ្នះ គឺចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ឋពិធីខួប២០ឆ្នាំនៃគោលនយបាយឈ្នះ ឈ្នះផងដែរដោយកម្មវិធីនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សំណង់វិមាន ឈ្នះឈ្នះនេះតំណាងឲ្យវីរៈភាពរបស់សមមិត្តហ៊ុន សែនដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាមជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ប៉ុល ពត។ មួយវិញទៀតការសាងសង់វិមាន ឈ្នះឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ៕