អភិបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមបុរី

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយជំនន់ទឹកភ្លៀងនៅតាមគម្រោងបុរីដែលបានសាងសង់នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ និង ឆ្នាំ ២០០០ នៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ខណៈតំបន់នោះមានការចាក់ដីបំពេញដើម្បីសាងសង់សំណង់ផ្សេងៗ ។

លោ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយបញ្ហាជន់លិចទឹកនៅក្នុងទីក្រុងខណៈទីក្រុងមួយនេះ មានការរីកចំរើនលឿនតាមរយៈគម្រោងលំនៅឋាន សំណង់ និង រោងចក្រសហគ្រាសផ្សេងៗ តែសម្រាប់គម្រោងបុរីដែលសាងសង់នៅក្នុងទសវត្សរ៍ ៩០ និង ឆ្នាំ២០០០ មានបញ្ហាជន់លិចទឹកដោយសារមានការចាក់ដីព័ទ្ធជុំវិញបុរីនោះ ។

លោកថ្លែងថា “ នៅពេលសួរថា នៅក្នុងបុរីខ្លះដែលមានការលិចទឹក ហើយថតបង្ហោះ គឺគាត់ធ្វើតាំងពីទសវត្សរ៍ ឆ្នាំ ៩០ ឬ ឆ្នាំ២០០០ គាត់នៅក្នុងក្រលុក ឥឡូវគេ ចាក់ដីព័ទ្ធជុំវិញទៅ ដូចគាត់រស់នៅក្នុងត្រពាំង ភ្លៀងមួយមេមកលិចបាត់ តែយើងបានដោះស្រាយនូវបញ្ហានេះ”។

លោកបន្តថា “យើងបានណែនាំដល់អភិបាលខណ្ឌទាំង ១៤ ឱ្យដោះស្រាយ ដែលមានបុរីនៅក្នុងគ្រលុក ដោយប្រើប្រាស់យន្តការបូមទឹកចេញ ព្រោះរដ្ឋបាលរជធានីភ្នំពេញមិនខ្វះម៉ាស៊ីននោះទេ ដោយប្រើប្រាស់ស្ថានីយចល័ត ដើម្បីបូមទឹកជូនគាត់”។

លោកបន្ថែមថា “នេះគឺកិច្ចការមួយ ឬនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។ ការធ្វើលូស្ទះផ្លូវ ធ្វើផ្លូវខូចលូ លែងមានទៀតហើយ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ។ នេះ គឺជាមោទនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញរបស់យើង”។

លោកអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ពីគម្រោងលំនៅឋាន ឬបុរី ថាមានប៉ុន្មានោះទេ ដែលបានសាងសង់នៅក្នុងទសវត្សរ៍ឆ្នាំ ៩០ និងឆ្នាំ ២០០០ នោះទេ តែយ៉ាងណាក៏ដោយ លោកឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅក្នុងមូលដ្ឋានរាធានីភ្នំពេញមានសំណង់បុរី និងបណ្តុំផ្ទះល្វែងមានចំនួន ២៤៤ កន្លែង។

លោកឃួង ស្រេងបានបន្តថា ទីក្រុងភ្នំពញេមានអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនផ្សេងទៀត ឆ្លើយតបទៅនឹងអ្នកដែលចូលចិត្តរស់នៅបែបទំនើប និងស៊ីវិល័យ។ ជាមួយគ្នានេះ រាជធានីភ្នំពេញបាននឹងកំពុងពង្រីកខ្លួនពី៣០០ ទៅជិត៧០០គីឡូម៉ែត្រការ៉េ ដែលមានមនុស្សរស់នៅប្រមាណ៣លាននាក់។

លោកបញ្ជាក់ថា “ការអភិវឌ្ឍនបែបស៊ីជម្រៅ គឺបានបង្ហាញឱ្យតាមរយៈការប្រែប្រួលកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភាពលូតលាសក្នុងវិស័យឯកជន ក្នុងនោះ អត្រាភាពក្រីក្របានធ្លាក់ចុះ៩ ភាគរយ និងការកើនឡើងនូវទំហំផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗជិត៤០០០ ដុល្លារក្នុងឆ្នាំ២០២៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here