ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ពានអាកាសថ្មីនៃចំណែកផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅប្រសព្វជាមួយមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៤ បាននិងកំពុងដំណើរការការដ្ឋានសាងសង់ហើយ ខណៈដែលជាលទ្ធផល នៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សរុបសម្រេចបានជាង៣៧ភាគរយ។
តាមរយៈគណីបណ្តាញទំនាក់ទំនងជាផ្លូវការ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស និងជំនាញបាន និងកំពុងចាប់ដំណើរការការដ្ឋានសាងសង់ ស្ពានអាកាសថ្មីនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣មួយបន្ថែមទៀត ដែលស្ថិតនៅចំណុចប្រសព្វគ្នារវាងវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៤ ។
វត្តមានស្ពានអាកាសថ្មី នៃគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣មួយនេះ ក៏ជាស្ពានអាកាសទី៨ ក្នុងចំណោមស្ពានអាកាសទាំង២៥ ដែលស្ថិតនៅក្នុងគ្រោងសាងសង់របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលក្នុង និងក្រៅក្រុងផងដែរ។
មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ការសាងសង់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ បានសម្រេចជាង៣៧ភាគរយហើយ ក្រោយពីការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅត្រឹមអំឡុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
សម្តេចតេជោហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ។ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវ៉ាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។
គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មានប្រវែងសរុប៤៧.៦គីឡូម៉ែត្រជាប្រភេទផ្លូវ៤គន្លង មានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រក្នុងមួយគន្លង និងផ្លូវទោចក្រយានយន្ត២គន្លង មានទទឹង២.២៥ ម៉ែត្រក្នុងមួយគន្លង។ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ៕