ដោយ ហ្សូលី
ភ្នំពេញៈ កំណើនផ្គត់ផ្គង់ខុនដូចាប់ផ្តើមផុសផុស ដោយសារការយល់ដឹងទូលំទូលាយនៃការរស់នៅក្នុងខុនដូ ដែលជាហេតុនាំឲ្យអ្នកអភិវឌ្ឍន៍ ងាកទៅវិនិយោគនៅជាយក្រុងវិញម្តង។ តើការទិញខុនដូតាមជាយក្រុងមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? ។
លោកខន គង្គា អ្នកជំនាញអចលនទ្រព្យផ្នែកលក់ខុនដូ និងជាអគ្គនាយកក្រុមហ៊ុន Era Cambodia បានផ្តល់ព័ត៌មានមកកាន់គេហទំព័រ Property Area Asia ថា អ្នកអភិវឌ្ឍភាគច្រើន ចាប់ផ្តើមងាកមករកការវិនិយោគ នៅតាមជាយក្រុងជាបណ្តើរៗហើយ ដូចជានៅខាងម្តុំជ្រោយចង្វារ លីយ៉ុងផាត់ ឬភ្នំពេញថ្មីជាដើម។
លោកបន្តថា អ្នកជំនាញសង្កេតឃើញពីសក្តានុពល ដោយសារតែពួកគាត់ចង់បានតម្លៃល្អទុកជូនអតិថិជន ព្រោះបើផ្ទះល្វែងអាចនឹងមានតម្លៃខ្ពស់ជាងខុនដូ។ ម្យ៉ាងបើសិនជាទីតាំងមិនឆ្ងាយពីក្រុងពេក ឬអាចនិយាយបានថាកៀកក្រុង តម្លៃដែលក្រុមហ៊ុនអភិវឌ្ឍអាចផ្តល់ជូនដល់អតិថិជនមានតម្លៃធូរថ្លៃជាង។
អ្នកជំនាញរូបនេះបន្តថា ជាទូទៅអ្នកអភិវឌ្ឍន៍ តែងតែសម្លឹងឃើញពីគោលដៅអតិថិជនរួចជាស្រេចហើយ មុនពេលបណ្តាក់ទុន។ ជាក់ស្តែង បើសិនជាគោលដៅអតិថិជនរបស់ពួកគេ គឺជាអ្នកធ្វើការនៅធនាគារជាតិ ឬម្តុំអ៉ីអន២នោះ ពួកគេអាចសាងសង់គម្រោងខុនដូ ដែលមានតម្លៃសមរម្យ នៅម្តុំតំបន់ខណ្ឌសែនសុន ភ្នំពេញថ្មី ជាដើម ដែលងាយស្រួលឱ្យអតិថិជនចេញចូល និងកៀកកន្លែងប្រកបការងារផងដែរ។
ដោយឡែកលោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service បានបង្ហាញយោបល់ថា មានគម្រោងខុនដូតាមជាយក្រុងមានមួយៗដែរ ប៉ុន្តែពួកគេច្រើនសាងសង់ជាអាផាតមិនជួលច្រើន ជាជាងការសាងសង់ខុនដូ ព្រោះអតិថិជនភាគច្រើន និយមរស់នៅខុនដូ ដែលមានទីតាំងនៅកណ្តាលក្រុង ឬក្នុងក្រុងជាង។
លោកស្រីបន្តទៀតថា “បើទោះបីជាមានការដាក់លក់ខុនដូក៏ពិតមែន ប៉ុន្តែតម្លៃមិនសូវជាបានថ្លៃប៉ុន្មានទេ ដោយសារតម្លៃនៅថោក ដូច្នេះពួកគេពេញចិត្តនឹងការសាងសង់ជាអគារអាផាតមិនសម្រាប់ជួលច្រើន” ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យខុនដូនៅកម្ពុជា ត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើឡើងជា៣កម្រិត រួមមាន កម្រិតខ្ពស់សម្រាប់បំពេញតម្រូវការ ទៅផ្សារមកពីក្រៅស្រុក(ទីផ្សារជនបរទេស) ខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកដែលជាជនជាតិខ្មែរ។
លោកស្រីបន្តទៀតថា “បច្ចុប្បន្ននេះទីផ្សារខុនដូកម្រិតខ្ពស់មួយចំនួន ទទួលរងនូវផលប៉ះពាល់ដោយ សារតែទីផ្សារគោលដៅភាគច្រើន ជាជនជាតិបរទេស ដែលកំពុងតែមានភាពប្រឈមខ្លាំង នឹងការវាយប្រហារដោយជំងឺឆ្លង Covid-19 ប៉ុន្តែសម្រាប់ទីផ្សារខុនដូតម្លៃមធ្យម និងតម្លៃសមរម្យ នៅតែមានបន្តមានទីផ្សារ ដែលជាតម្រូវការនៅក្នុងស្រុកជាជនជាតិខ្មែរ” ៕