ដោយ ៖ រ៉ាណេត
កណ្តាល ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ថ្វីត្បិតបញ្ហា Covid-19 បានក្លាយជាវិបត្តិសេដ្ឋកិច្ចជាសាកល ប៉ុន្តែវាមិនមែនជាឧបសគ្គរាំងស្ទះដល់កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជានោះទេ។
នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ដែលនឹងក្លាយទៅជាអាកាសយានដ្ឋានដ៏ទំហំប្រចាំប្រទេសស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះថា បញ្ហានៃជំងឺ Covid-19 វាមិនមែនជាបញ្ហា ឬជាឧបសគ្គសម្រាប់កម្ពុជាក្នុងកិច្ចសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា “កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានចុះទៅត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ ដែលរហូតមកដល់ពេលនេះជិតបានបញ្ចប់ហើយ ហើយតាមរយៈនៃការកសាងទាំងនេះគឺមានតម្រូវការកម្លាំងកម្មករបម្រើការងាររាប់ពាន់នាក់។ ដោយឡែក សម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីនេះ បើឈានដល់ការសាងសង់ក្នុងដំណាក់កាលទី២ គឺត្រូវការកម្លាំងកម្មកររហូតដល់ប្រមាណ២ម៉ឺននាក់ក្នុងមួយថ្ងៃ”។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រៅពីការសាងសង់ទាំងនេះ សម្រាប់តែផ្នែកសាងសង់លំនៅដ្ឋានក៏សុទ្ធតែមានដំណើរការ ដូចជាក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុនបុរីប៉េងហួត និងក្រុមហ៊ុនផ្សេងៗមួយចំនួននៅតែបន្តសកម្មភាពសាងសង់ដែលមានតម្រូវការផ្នែកកម្លាំអពលកម្មដដែល ដូច្នេះវាអត់ទាន់មានអីប្រែប្រួលច្រើននោះទេដែលបណ្តាលមកពី Covid-19 លើកលែងតែវិស័យចំនួន២ រួមមានវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ក៏បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនឯកជន និងអ្នកអភិវឌ្ឍន៍ទាំងអស់ បន្តសកម្មភាពសាងសង់ និងវិនិយោគរបស់ខ្លួនបន្តទៀត ព្រោះវិបត្តិ Covid-19 មិនមែនជាឧបសគ្គធំសម្រាប់កម្ពុជានោះទេ ខណៈដែលពិភពលោកកំពុងតែទទួលបានសញ្ញាវិជ្ជមានក្នុងការឈានទៅសម្រេចបាន១០០ភាគរយ៕