ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈមន្ទីរទេសចរណ៍ខេត្ត បានសិក្សាពីផលប៉ះពាល់លើការសាងសង់សំណង់ស្នាក់នៅបែបកម្សាន្តរយៈពេលខ្លីនៅតំបន់រមណីយដ្ឋានទេទឹកពុះ ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរជាតិ និងអន្តរជាតិ អាចកម្សាន្តបានក្នុងរយៈពេលយូរ មានសុវត្ថភាពខ្ពស់។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់ពីភាពទាក់ទាញ និងសក្ដានុពលរបស់រមណីយដ្ឋានទេទឹកពុះ ដែលស្ថិតនៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយក៏ស្ថិតនៅក្នុងគម្រោងរបស់រដ្ឋបាលខេត្ត ដែលនឹងធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិដ៏ទាក់ទាញផងដែរ។
លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីដើមសប្ដាហ៍នេះថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែធ្វើការសិក្សា ស្វែងយល់ពីសក្ដានុពលនៅក្នុងវិស័យទេសចរណ៍ជាជំហ៊ានដំបូង ដោយមានមន្ត្រីជំនាញរបស់ខេត្តមួយក្រុង ចុះធ្វើការបានមួយដំណាក់កាលរួចហើយ។ លោកបានបន្តថា “មុនពេលធ្វើការវិនិយោគ យើងត្រូវតែមានការសិក្សាឱ្យបានលម្អិតទៅលើភាពល្អប្រសើរនៃតំបន់ និងភាពរងផលប៉ះពាល់ពីការអភិវឌ្ឍ ដើម្បីមានវិធានការការពារជាមុន ហើយខេត្តក៏គាំទ្រទៅលើគម្រោងនេះផងដែរ”។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក សៅ សារ៉ន បានមានប្រសាសន៍ថា ការរៀបចំឱ្យមានផ្ទះស្នាក់នៅនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដែលមានបំណងចង់ស្នាក់នៅកម្សាន្តក្នុងរមណីយដ្ឋាននេះ ដោយសាររមណីយដ្ឋានទេទឹកពុះ មានទឹកក្តៅបែបធម្មជាតិ និងមានអ្នកមានជំនឿខ្លះជឿថាដោយគ្រាន់តែត្រាំទឹក អាចព្យាបាលជំងឺជាច្រើនមុខ ដូចជាជំងឺសើស្បែក កន្តួលរមាស់ ជំងឺលើសឈាម ទឹកនោមផ្អែមជាដើម ដែលនេះជាជំនឿមានតាំងពីបុរាណមកម៉្លេះ ។
លោកបានបញ្ជាក់ថា “បច្ចុប្បន្ន រមណីយដ្ឋានទេទឹកពុះមានត្រឹមតែកញ្ចុះសម្រាប់អង្គុយលេងបរិភោគអាហារ និងទីតាំងទឹកក្តៅធម្មជាតិតែប៉ុណ្ណោះ ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរនៅមានកម្រិតនៅឡើយ”។ លោកបានបន្តថា “គម្រោងនេះមានការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត ដោយមានបែបចែកទៅមានជំនាញនីមួយៗ ។ មន្ទីរមានគម្រោងរៀបចំសហគមន៍នេះធ្វើឱ្យមាន Home stay ដែលហៅថាផ្ទះស្នាក់នៅ និងមានកន្លែងហូបឆ្ងាញ់ៗ ហើយការរៀបចំនេះ គឺយើងមានការសហការជាមួយមន្ទីរជាច្រើន ពាក់ព័ន្ធជាមួយនឹងមន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍន៍ជនបទ ដោយមន្ទីរអភិវឌ្ឍន៍ជនបទចូលរួមផងដែរ”៕