អ្នកជំនាញ៖ ផ្សារ​សហគមន៍​នៅក្នុង​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់

0

ដោយ វុត្ថា

ភ្នំពេញៈ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ផ្សារ​សហគមន៍​បែប​ទំនើប (Community Mall) មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ តាម​ការស្រាវជ្រាវ​រប​ស់​ក្រុមហ៊ុន CBRE Cambodia មាន​ចំនួន​ជាង១០ទីតាំង​ហើយ​ដែល​កំពុង​ប្រតិ​ប្ត​តិ​ការ ខណៈ​គម្រោង​វិនិយោគ​ផ្សារ​បែប​សហគមន៍​បែប​ទំនើប​នេះ បាននិងកំពុង​មា​នភា​ព​ទាក់ទាញ និង ងាយស្រួល​សម្រាប់​ធ​អ្ន​ន​វិនិយោគ​នានា។

លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​គេហទំព័រ​Propertyarea.asia នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹង ផ្សារ​សហគមន៍​បែប​ទំនើប​នេះ ខុសប្លែក​ពី​ផ្សារ​ទំនើប ដោយសារ​តែមាន​ទំហំ​លក្ខណៈ​តូច​ជាង និង​បង្ក​ភាពងាយស្រួល ក្នុង​ការចេញ ចូល​ជាង ជាពិសេស​លក់​នូវ​ផលិតផល​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែលជា​តម្រូវការ​របស់​អតិថិជន។

លោកស្រី​បន្តថា ផ្សារ​សហគមន៍​បែប​ទំនើប​នេះ ក៏មាន​បំរើ​នូវ​កន្លែង​កម្សាន្ត​ផងដែរ ដូចជា រោង​ភាព​យានយន្ត​ផងដែរ​ជាពិសេស​នោះ មាន​កន្លែង​ចត​ឡាន និង​ភាពងាយស្រួល ដែល​ស្របទៅនឹង​តម្រូវ​ចិត្ត​អតិថិជន ចេញចូល​គ្រប់ពេល ខណៈដែល​ផ្សារ​ទំនើប​វិញ គឺ​ភាគច្រើន​អតិថិជន​ទៅ​ដើរ​ទិញ​របស់​ឥ​វាន់​រៀងរាល់​ចុង​សប្តាហ៍។

លោកស្រី​បន្ថែមថា “ការវិនិយោគ​លើ​ផ្សារ​សហគមន៍​បែបនេះ មាន​ភាព​ងាយ​ស្រួ ល និង​ចំណាយ​ក្នុង​ទំហំ​ទឹកប្រាក់​ចន្លោះ​ពី៥ ទៅ១០លាន​ដុល្លារ​អាមេរិក អាស្រ័យទៅលើ​ទីតាំង ការជួល​ដី និង​ទិញ​ដី​សម្រាប់ធ្វើ​ការវិនិយោគ​ក្នុង​គម្រោងមួយ” ។

លោកស្រី​ថា បើសិនជា​អ្នកវិនិយោគ​ទិញ​ដី យកមក​វិនិយោគ​នៅ​កន្លែង ដែលមាន​តម្លៃ​ខ្ពស់ ការវិនិយោគ​ផ្សារ​បែបនេះ​អាច​នឹង​កើន​ចំណាយ ដល់៥០លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្សារ​សហគមន៍នីមួយៗ ជារួម​តាម​ការប៉ាន់ស្មាន គឺមាន​តម្លៃ​វិនិយោគ​ចន្លោះ៥ ទៅ៥០លាន​ដុល្លារ​អាមេរិក។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក ស្រី ចេ​វ សុ​ឃុន បានឱ្យដឹងថា ការ​រ​រីកចំរើន​លើ​ផ្សារ​ទំនើប​បែប​សហគមន៍​នាពេល​បច្ចុប្បន្ននេះ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីក​ផ្សារ​របស់​ប្រទេស​កម្ពុជា។

លោកស្រី​បន្តថា “មនុស្ស​ជាច្រើន ជាពិសេស​អ្នកវិនិយោគ និង​អ្នកធ្វើការ ចូលចិត្ត​ទៅ​ផ្សារ​ប្រភេទ​នេះ ដោយសារតែ​ក្រៅពី​ងាយស្រួល ក្នុង​ស្វែង​ទិញ​ទំនិញ​គោលដៅ ពួកគាត់​អាចមាន​ជម្រើស​ច្រើន ក្នុង​ការទិញ​ទំនិញ​ដទៃទៀត ដែលមាន​នៅក្នុង​ផ្សារ​នោះ​ស្រាប់” ។

លោកស្រី​បន្ថែមទៀតថា ម្យ៉ាងទៀត​ពួកគាត់​អាច​ធ្វើការ​ណាត់ជួប ពិភាក្សា​ការងារផ្សេងៗជាមួយ​ដៃគូ​ជំនួញ និង​អតិថិជន​នៅក្នុង​ផ្សារ​ទំនើប​នេះ​បាន ដោយ​ងាយស្រួល​ផងដែរ។ លោកស្រី​បញ្ជាក់ថា “ជាមួយ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ដែល​កំពុង​កើន​មាន​នាពេល​បច្ចុប្បន្ន និង​បន្តទៅ​ពេលអនាគត នៅមាន​តែមាន​តម្រូវ​ផ្សារ​សហគមន៍​បែប​ទំនើប​ប្រភេទ​នេះ​បន្ថែមទៀត” ។

ប្រទេស​កម្ពុជា​ក្នុង​យៈ​ពេល​ប៉ុន្មាន​កន្លងមកនេះ មានកា​រីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​វិស័យសេដ្ឋកិច្ច ហេ​ដ្ឋ​រចនាសម្ព័ន្ធ និង​សំណង់​អគារទំនើបៗជាច្រើន ដែល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​នូវ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ ទាំង​ការប្រើប្រាស់ និង​រស់នៅ​តាមបែប​ទំ​នើ​ប និង​ស៊ី​វិ​ល័យ តាមរយៈ​ការប្រើប្រាស់​របស់ទំនើប និង​ពិសារ​អាហារ​នៅក្នុង​ទីកន្លែង​ដែលមាន​ភាពទាន់សម័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here