ដោយ ហ្សូលី
ភ្នំពេញៈ ប្រភេទលំនៅដ្ឋានមានច្រើនប្រភេទ ដែលផ្គត់ផ្គង់ទៅតាមលទ្ធភាព និងចំណង់ចំណូលចិត្ត នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងប្រភេទលំនៅដ្ឋាននៅកម្ពុជាបច្ចុប្បន្នមានដូចជា ផ្ទះប្រកបអាជីវកម្ម ផ្ទះល្វែង វីឡាភ្លោះ វីឡាទោល ជាដើម។ អ្នកជំនាញថា វីឡាភ្លោះកំពុងពេញនិយមសម្រាប់ការរស់នៅ ដោយសារហេតុផលចំនួន ។
អ្នកជំនាញអចលនទ្រព្យ និងជានាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រីតាំង ហ៊ួរ បានថ្លែងប្រាប់តាមទូរសព្ទមកកាន់គេហទំព័រ Property Areaថា បច្ចុប្បន្នប្រភេទលំនៅដ្ឋាន ដែលកំពុងពេញនិយមខ្លាំង សម្រាប់ការរស់នៅគឺជា វីឡា ភ្លោះ។ លោកស្រីបន្តថា មូលហេតុដែលប្រភេទផ្ទះវីឡាភ្លោះលក់ដាច់នោះ ដោយសារតែទំហំផ្ទះមានភាពសមល្មម ក្បាលដីត្រឹម៧ ទៅ៨ម៉ែត្រ ងាយស្រួលសម្រាប់ការរស់នៅ។ ម្យ៉ាងសម្រាប់អ្នកមានលទ្ធភាពសមល្មម ពួកគាត់គិតថាការរស់នៅក្នុងវីឡាភ្លោះមានភាពថ្លៃថ្នូរផងដែរ។
នាយិការូបនេះបានបញ្ជាក់ថា ថ្វីត្បិតតែវីឡាភ្លោះមានភាពទូលាយក្តី ប៉ុន្តែក្រឡេកមើលតម្លៃវិញ បើសិនជាចង់រស់នៅក្នុងវីឡាភ្លោះ ដែលមានតម្លៃសមរម្យក៏ទីតាំងនៅឆ្ងាយពីក្រុងដែរ ច្រើនតែនៅជាយៗក្រុង។
ជាមួយនឹងការបញ្ជាក់ពីចំណុចវិជ្ជមាន នៃប្រភេទលំនៅដ្ឋានខាងលើនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោក ឡុង គីមសួគ៌ ធ្លាប់មានប្រសាសន៍ថា គ្រប់ប្រភេទលំនៅដ្ឋានទាំងអស់ គឺសុទ្ធតែមានគុណសម្បត្តិ ក្រោមគោលបំណងចម្បងសម្រាប់រស់នៅ និងស្ថិតនៅទីតាំងដែលមានភាពស្ងប់ស្ងាត់ និងមានធម្មជាតិជុំវិញ។
លោកថា “អ្នកវិនិយោគខ្លះសម្រេចចិត្តទិញទុកសម្រាប់ជួលបន្ត ដើម្បីយកចំណូលប្រចាំខែ ប្រចាំឆ្នាំ ហើយអត្រានៃចំណេញក្រោយការលក់ទាំងស្រុង ក៏មានខ្ពស់ផងដែរ ដែលលំនៅដ្ឋាននៅតំបន់ខ្លះ អាចទទួលបានផលចំណេញទ្វេដងនៃតម្លៃដើម” ។
ទន្ទឹមនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Daily Realty លោក ហៃ រ៉ាវី បានរៀបរាប់ថា ដោយសារតែអតិថិជន មានបំណងចង់ជាវទុកសម្រាប់ឱ្យកូន ក្រែងលោត្រូវឡើងពីខេត្តមកសិក្សានៅទីក្រុង ឬក៏គូស្នេហ៍មួយចំនួនដែលទើបរៀបការ ដូច្នេះតម្រូវការមានផ្ទះរស់នៅគឺនៅតែមាន។ មិនតែប៉ុណ្ណោះ ការរចនាមានភាពស្រស់ស្អាត មិនថាផ្នែកខាងក្រៅ និងការឌីសាញខាងក្នុង ជាពិសេសមានសួនលំហែកាយជាដើម៕