ប្រធាន​សមាគម CREA ថា ផ្នែក​ចំនួន៣ នៃ​វិស័យ​អចលនទ្រព្យ​កំពុងមាន​តម្រូវការ​ខ្ពស់

0

ដោយៈ​ រ៉ា​ណេ​ត

ភ្នំពេញៈ ផ្នែក​ចំនួន៣នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា រួមមាន លំនៅឋាន ដីធ្លី និង​ខុន​ដូ កំពុង​តែមាន​តម្រូវការ​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ផ្នែក​ដទៃទៀត នៃ​វិស័យ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា (CREA) លោកស្រី​ចេ​វ សុ​ឃុន បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា នៅលើ​ទីផ្សារ​អចលនទ្រព្យ​នៅពេល​បច្ចុប្បន្ននេះ ផ្នែក​ចំនួន៣ រួមមាន លំនៅឋាន ដីធ្លី និង​ខុន​ដូ កំពុង​តែមាន​តម្រូវការ​ឈានមុខ​គេ លើ​កម្លាំង​បញ្ជា​ទិញ ហើយ​នៅតែ​បន្តទៅ​ថ្ងៃ​ខាងមុខ​ទៀត ជាពិសេស​ក្រោយពេល​វិបត្តិ​ជំងឺឆ្លង​ជា​សាកល ត្រូវ​ផុតរលត់​ទាំងស្រុង។

លោកស្រី​បញ្ជាក់ថា “ប្រជាជន​កម្ពុជា​នៅតែ​បន្ត​មាន​តម្រូវការ លំនៅឋាន​សម្រាប់​ស្នាក់នៅ​ជាច្រើន​ទៀត ជាពិសេស​ប្រភេទ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែល​ការផ្គត់ផ្គង់​នៅពេល​បច្ចុប្បន្ននេះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ” ។ លោកស្រី​បន្តថា “លំនៅឋាន ជា​តម្រូវ​ការចាំបាច់​មុនគេ​របស់​មនុស្ស​គ្រប់រូប ដូច្នេះ​បន្ទាប់ពី​តម្រូវការ​អាហារ គឺ​លំនៅដ្ឋាន​នេះ​តែម្ដង។ ក្រោយពី​បំពេញតម្រូវការ​ទាំង២នេះ​គ្រប់គ្រាន់ ទើប​បំបែក​គោលបំណង​ទៅលើ​ការ​សន្សំទុក​នូវ​ទ្រព្យ តាមរយៈ​ការធ្វើ​អាជីវកម្ម និង​មុខ​ជំនួញផ្សេង” ។

ក្រៅពី​តម្រូវការ​ទីផ្សារ​ផ្នែក​លំនៅឋាន សម្រាប់ ដីធ្លី និង​ខុន​ដូ ក៏ត្រូវ​បាន​គេ​សម្លឹង​ឃើញថា មាន​ស្ថានភាព​ល្អប្រសើរ ក្នុងខណៈ​ពេលដែល​ផ្នែក​ដទៃទៀត នៅក្នុង​វិស័យ​អចលនទ្រព្យ​កំពុង​ជួប​ភាពជាប់គាំង។

លោកស្រី ចេ​វ សុ​ឃុន បាន​មានប្រសាសន៍ថា “ដីធ្លី​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​មានតម្លៃ​ចាប់ពី៥០ម៉ឺន​ដុល្លារ​ចុះក្រោម នៅតែមាន​តម្រូវការ ខណៈពេលដែល​អ្នកជំនួញ​នៅក្នុង​ផ្នែក​មួយ​នេះ នៅតែ​បន្ត​ស្វែងរក​ទិញ​ទុក​ធ្វើការ​វិនិយោគ​បន្ត​យកចំណេញ។ លោកស្រី​បន្ថែមថា “ដោយឡែក​ចំពោះ​ប្រភេទ​ដី​ឡូ​តិ៍ ក៏មាន​តម្រូវការ​ពី​អ្នក​ដែលមាន​ធនធាន​តិច ដែល​ចង​ទិញ​ទុក​ដោយ​ការ​សន្សំ ឬ​បង់​រំ​លោះ​សម្រាប់​សង់​លំនៅឋាន​ស្នាក់នៅ​ផងដែរ” ។

ដោយឡែក​សម្រាប់​ទីផ្សារ​ខុន​ដូ ត្រូវបាន​លោកស្រី​បញ្ជាក់ថា “បច្ចុប្បន្ន​ទីផ្សារ​ខុន​ដូ ក៏មាន​តម្រូវការ​ដូចគ្នា គ្រាន់តែ​មិន​ផុសផុល​ខ្លាំង​ដូច​កាលពី​ចុងឆ្នាំ២០១៩ ដែល​ភាគច្រើន​អ្នកទិញ​ជា​អតិថិជន​ក្នុងស្រុក ដែលមាន​តម្រូវការ​ប្រភេទ​ខុន​ដូ​តម្លៃ​សមរម្យ ដោយ​ក្នុងចំណោម​អ្នកទិញ​ទាំងនោះ​មាន២ប្រភេទ គឺ​អ្នកទិញ​ដែលមាន​តម្រូវការ​ជាក់ស្ដែង​ក្នុងការ​ស្នាក់​ដោយផ្ទាល់ និង​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត” ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​កាលពីដើម​សប្ដាហ៍​នេះ ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ថា ប្រជាពលរដ្ឋ​ខ្មែរ នៅតែមាន​លទ្ធភាព​ទិញ​លំនៅឋាន នៅតាម​គម្រោង​សាងសង់​លំនៅឋាន​នានា បើទោះជា​មានការ​រីក​រា​ល​ដាល​ជំងឺ Covid-19 ។

សម្ដេច​បាន​មានប្រសាសន៍​បន្តថា “ក្រុមហ៊ុនធំៗ ដែល​សម្តេច​បាន​ជួប​បាន​លើកឡើងថា ការលក់​គម្រោង​លំនៅឋាន​នានា នៅតែមាន គ្រាន់​តែមាន​ចំនួន​តិចជាង​មុន ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ថា ប្រជាជន​ខ្មែរ​នៅតែមាន​លទ្ធភាព​ទិញ​លំនៅឋាន ទោះបី​មាន​វិបត្តិ Covid-19 ក៏ដោយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here