ដោយៈ រ៉ាណេត
កំពតៈ ឈានចូលមកដល់ចុងត្រីមាសទី២ ឆ្នាំ២០២០ បើទោះជាស្ថិតនៅក្នុងភាពប្រឈមនៃវិបត្តិនៃជំងឺឆ្លង និងជះឥទ្ធិពលអវិជ្ជមានស្ទើរគ្រប់វិស័យ រួមទាំងផ្នែកអចលនទ្រព្យផងដែរនោះ សម្រាប់ការទិញ-លក់ ដីធ្លីនៅក្នុងដែនដីនៃខេត្តកំពត នៅតែរក្សាបានភាពល្អប្រសើរដដែល ជាពិសេសការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរ នៅតាមតំបន់កម្សាន្តជាប់មាត់ព្រែក។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ពាក់ព័ន្ធទៅនឹងទំនោរនៃការវិនិយោគ និងអភិវឌ្ឍលើវិស័យលំនៅដ្ឋានបែបលំហែរកាយនៅក្នុងខេត្តកំពត ក៏ព្រោះតែខេត្តនេះគឺជាគោលដៅទេសចរណ៍ ដ៏មានសក្ដានុពលបើប្រៀបធៀបទៅនឹងបណ្តាខេត្តមួយចំនួនទៀត។
លោកស្រីបន្តថា “ការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយ នៅតាមតំបន់កម្សាន្តមួយចំនួនក្នុងខេត្តកំពត នៅតែមានតម្រូវការ ដែលវាជាផ្នែកមួយយ៉ាងសំខាន់ក្នុងចរន្តទិញ-លក់ ដីធ្លីនៅក្នុងខេត្តជាប់មាត់សមុទ្រ និងតំបន់ភ្នំមួយនេះ” ។
លោកស្រីបានបញ្ជាក់ថា“ខេត្តកំពតនឹងមានការអភិវឌ្ឍលឿន ដោយសារការខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន ការពង្រីកផ្លូវជាតិលេខ៣ គម្រោងកំពង់ផែទេសចរណ៍ គម្រោងកំពង់ផែទឹកជ្រៅ គម្រោងបង្កើតឧទ្យានជាតិ សម្ដេច ហ៊ុន សែន កំពត រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលចូលរួមពីវិស័យឯកជនផងដែរ” ។
ខេត្តកំពតមួយរយៈពេលចុងក្រោយ គឺកំពុងតែព្យាយាមបង្ហាញពីសក្ដានុពល រួមជាមួយគម្រោងអភិវឌ្ឍនានាជាច្រើន ជាពិសេសពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍលើវិស័យទេសចរណ៍កម្សាន្តបែបធម្មជាតិ និងតំបន់សមុទ្រ ខណៈដែលគម្រោងកំពង់ផែទេសចរណ៍របស់រដ្ឋាភិបាល កំពុងតែពន្លឿនការសាងសង់ បន្ថែមពីលើគម្រោងអភិវឌ្ឍជាច្រើនទៀតពីវិស័យឯកជន។
អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី ដែលបានបណ្តាក់ទុនវិនិយោគជាច្រើនលានដុល្លារ ទៅលើការសាងសង់លំនៅដ្ឋានបែបលំហែរកាយនៅក្នុងទឹកដីនៃខេត្ត ដ៏ទាក់ទាញផ្នែកទេសចរណ៍មួយនេះ បានមានប្រសាសន៍ថា ខេត្តកំពតមានភាពខុសប្លែកពីបណ្តាខេត្តដទៃ ដែលមានភាពស្ងប់ស្ងាត់ក្នុងការទិញ-លក់ នៅក្នុងវិបត្តិជំងឺ Covid-19 ។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ” ។ លោកបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពជាក់មិនខាន” ។
ជាមួយនឹងការបង្ហាញពីសក្ដានុពល ក្នុងការវិនិយោគខាងលើនេះ លោកឧកញ៉ា តេង រិទ្ធី បានបញ្ជាក់សម្រាប់ការអភិវឌ្ឍ លើវិស័យលំនៅដ្ឋានបែបលំហែរកាយ គឺត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣-៤ម៉ឺនដុល្លារឡើងទៅ៕