ទីផ្សារ​ជួល​អាគារ​ការិយាល័យ អាច​នឹងមាន​ប្រជាប្រិយភាព​ឡើងវិញ​នៅ​ដើមឆ្នាំ​ក្រោយ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ចាប់តាំងពី​ពាក់កណ្តាល​ត្រីមាស​ទី១ ឆ្នាំ២០២០ ទីផ្សារ​នៃ​ការជួយ​អាគារ​ការិយាល័យ (Office Space) ចាប់ផ្ដើម​មានការ​ធ្លាក់​ចុះ ទាំង​តម្រូវការ និង​តម្លៃ​ជួល​យ៉ាងគំហុក។ យ៉ាងណាក៏ដោយ អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ បានបង្ហាញ​ពី​ក្ដី​រំពឹងថា​ភាពល្អប្រសើរ​អាច​នឹង​ងើបឡើង​វិញ នៅក្នុង​ត្រីមាស​ទី៤ខាងមុខនេះ ឬ​យ៉ាងយូរ​នៅ​ដើម​ឆ្នាំក្រោយ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន ​CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ដោយសារតែ​វិបត្តិ​នៃ​ជំងឺឆ្លង ចាប់តាំងពី​ពាក់កណ្តាល​ត្រីមាស​ទី១ ឆ្នាំ២០២០ ទីផ្សារ​នៃ​ការជួល​អាគារ​ការិយាល័យ​ត្រូវបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។

លោកស្រី​បន្តថា “ទីផ្សារ​នៃ​ការជួយ​អាគារ​ការិយាល័យ នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០ គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ប៉ុន្តែ​នៅត្រឹម​ដើម​ត្រីមាស​ទី២ ហាក់​មាន​ភាព​ងើប​ឡើងវិញ​បន្តិច ដោយសារតែ​ការគ្រប់គ្រង​នៃ​ការ​រាលដាល នៃ​ជំងឺឆ្លង​របស់​រដ្ឋាភិបាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​ម្ចាស់​អាគារ​មួយចំនួន បាន​ប្រើ​យុទ្ធសាស្ត្រ​បញ្ចុះតម្លៃ ដើម្បី​ជួយ​សម្រាល​ដល់​អតិថិជន​ចាស់ និង​ឈោង​ចាប់យក​អតិថិជន​ថ្មី” ។

លោកស្រី​អាន សុធី​តា​បាន​បន្តទៀតថា បច្ចុប្បន្ននេះ តាម​ការមើល​ពី​ភាពជាក់ស្ដែង ទីផ្សារ​ជួល​អាគារ​ការិយាល័យ ហាក់​មាន​ភាពល្អប្រសើរ​ជាង​ពេលមុន​បន្តិច ហើយក៏​ល្អ​ជាង​ទីផ្សារ​ជួល ទីតាំង​លក់រាយ​នៅតាម​បណ្តា​ផ្សារ​នើ​ប​ផងដែរ ដែល​គេ​រំពឹងថា នឹង​កាន​តែមាន​ស្ថាន​ភាពល្អ​ជាង​នេះ​នៅ​ត្រីមាស​បន្ទាប់ ជាពិសេស​នៅ​ដើមឆ្នាំ​ក្រោយ ខណៈដែល​ការ​ភាពភ័យខ្លាច​នៃ​ការឆ្លង​ជំងឺ​ត្រូវបាន​កាត់បន្ថយ ហើយ​ការគ្រប់គ្រង​ស្ថាន​ការ​របស់​រដ្ឋាភិបាល​កាន់តែ​ទទួលបាន​លទ្ធផល​វិជ្ជមាន” ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍ថា អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ក្នុងស្រុក​ភាគច្រើន​ហាក់​មើលរំលង លើ​ទីផ្សារ​ជួល​អាគារ​ការិយាល័យ ខណៈដែល​ទីផ្សារ​មួយ​នេះ​នឹងមាន​ប្រជាប្រិយ​ភាពខ្លាំង ក្រោយពេល​វត្តមាន​វិនិយោគិន និង​ក្រុមហ៊ុន​អន្តរជាតិ​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​កាន់តែច្រើន។

លោក​បាន​មានប្រសាសន៍ “បច្ចុប្បន្ននេះ​យើង​ទទួលស្គាល់ថា ទីផ្សារ​ជួល​អាគារ​ការិយាល័យ​បាន​ធ្លាក់ចុះ ប៉ុន្តែ​វា​ជាការ​ធ្លាក់ចុះ​ទាំង​ព្រមជាមួយ​វិស័យ​ផ្សេងទៀត ហើយ​វា​នឹង​កើន​ឡើងវិញ ក្រោយពេល​ស្ថាន​ការដែល​កំពុង​ប្រឈម​មាន​ភាពល្អប្រសើរ” ។ លោក​បន្តថា “ចាប់ពីពេលនេះ​ទៅ មិន​ថា​ក្រុមហ៊ុន​មកពី​ក្រៅ​ស្រុក ឬ​ក្រុមហ៊ុន​បង្កើតឡើង​នៅក្នុង​ស្រុក​យើង​នោះទេ គឺ​គេ​ត្រូវការ​ទីតាំង​ក្រុមហ៊ុន​ដែលមាន​ស្ដង់ដារ ដែល​ក្រៅពី​បង្កើន​សោភ័ណភាព​ដល់​ក្រុមហ៊ុន ថែមទាំង​អាច​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​ជា​ដៃគូ ក៏ដូចជា​អតិថិជន​របស់ខ្លួន ខុសប្លែក​កាលពី​ពេលមុន ដែល​ជួល​ត្រឹមតែ​ជា​ផ្ទះល្វែង ឬ​វីឡា​សម្រាប់​ធ្វើជា​ទីស្នាក់កា​រ​របស់​ក្រុមហ៊ុន​ទៀត​នោះទេ” ។

លោក Ken Lo បាន​មានប្រសាសន៍​បញ្ជាក់ថា ក្រោយពេល​វិបត្តិ​ដែល​កំពុង​កើតមាន​ត្រូវបាន​ផុតរលត់ វិនិយោគិន​អន្តរជាតិ​ជាច្រើន នឹង​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​សាជាថ្មី ដោយសារតែ​កម្ពុជា​ជា​គោលដៅ​របស់​ពួកគេ ដែល​អាចមាន​ឱកាស​ច្រើន​ក្នុង​វិនិយោគ និង​ទទួលបាន​ចំណេញ​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង ដែល​ស្ថិតនៅក្នុង​តំបន់។

លោក​បន្តថា “បើតាម​ការព្យាករណ៍រ​បស់​ខ្ញុំ យ៉ាងយូរ​អាច​នៅត្រឹម​ដើមឆ្នាំ​ក្រោយនេះ ទីផ្សារ​ជួល​ការិយាល័យ​កម្រិតស្តង់ដា​រ នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ ដែល​ផ្តើមចេញ​ទី​តម្រូវការ​ក្នុងស្រុក” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here