ដោយ ៖ រ៉ាណេត
កំពត៖ ក្រោមហេតុផលជាប់របាំងនៃវិបត្តិជំងឺសាកល គម្រោង និងផែនការលើការអភិវឌ្ឍកំពង់ផែទេសចរណ៍ខេត្តកំពត ដែលគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការយ៉ាងយូរត្រឹមដើមឆ្នាំ២០២១ ខាងមុខនេះ កំពុងជួបភាពរាំងស្ទះ និងមានដំណើរការយឺតជាងផែនការ។
អភិបាលរងខេត្តកំពត លោក ភូ លិ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ថា រដ្ឋបាលខេត្តកំពត ធ្លាប់បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីពន្លឿនគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ ចូលទៅកាន់កំពង់ផែទី៤មួយនេះ ឱ្យបានកាន់តែឆាប់រហ័សបន្ទាប់ពីពិនិត្យឃើញថា សកម្មភាពនៃការឈូសឆាយដីធ្វើផ្លូវសំខាន់ក្នុងគម្រោងនេះមានភាពយឺតយ៉ាវ។
លោកបានបញ្ជាក់ថា “ភាពយឺតយ៉ាវនៃការអភិវឌ្ឍគម្រោងនេះ គឺមានមូលហេតុចំនួនគឺទី១ បញ្ហានៃវិបត្តិជំងឺឆ្លងជាសាកល ដែលបានក្លាយជារបាំងដ៏ធំ ហើយម្យ៉ាងទៀតក៏បណ្ដាលមកពីកក្តាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើន ពិបាកក្នុងការឈូសឆាយ និងចាក់ដីបន្ថែមក្នុងជំហានធ្វើផ្លូវចូលទៅកាន់កំពង់ផែ ចាប់ពីចំណុចផ្លូវបំបែក៧៣៥ ព្រោះផ្លូវនេះមានទំហំធំ និងឆ្ងាយ” ។
លោកបញ្ជាក់ថា “ទោះជាយ៉ាងនេះ ខ្ញុំក៏បានស្នើដល់ក្រុមហ៊ុន ដែលទទួលសិទ្ធិម៉ៅការសាងសង់ត្រូវពន្លឿនសកម្មភាពអភិវឌ្ឍន៍របស់ខ្លួនឱ្យបានលឿន និងស្របតាមគម្រោង ផែនការដែលបានកំណត់ ឬយ៉ាងយូរត្រឹមពាក់កណ្តាលឆ្នាំក្រោយនេះ ដែលមិនអាចយកហេតុផលផ្សេងៗមកធ្វើជាឧបសគ្គ ឬជាការដោះសារនោះទេ ព្រោះកំពង់ផែនេះ មានសារសំខាន់ណាស់ សម្រាប់ជំរុញដល់កំណើនទេសចរណ៍ នៅក្នុងខេត្តកំពត ពិសេសភ្ញៀវមកពីប្រទេសថៃ និងវៀតណាមជាដើម” ។
គម្រោងអភិវឌ្ឍន៍ធ្វើផ្លូវទៅកំពង់ផែទេសចរណ៍ ដែលជាជំនួយរបស់ធនាគារអភិវ ឌ្ឍន៍អាស៊ី ADB ស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត គិតមដល់ពេលបច្ចុប្បន្ននេះទើបសម្រេចបានជាង៣០ភាគរយប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ធ្លាប់លើកឡើងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ គឺជាផ្នែកមួយនៃគម្រោងគាំទ្រ ដោយហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានតម្លៃជាទឹកប្រាក់ជាង៨លានដុល្លារអាមេរិក សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធនឹងខេត្តតំបន់ឆ្នេរសមុទ្រក្នុងនោះរួមមានខេត្តកែប កោះកុង និងខេត្តកំពត។
ការកសាងកំពង់ផែទេសចរណ៍ ដែលត្រូវបានគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ីនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ផងដែរ។
បច្ចុប្បន្នខេត្តកំពតមានកំពង់ផែចំនួន៤ ដែលទី១ គឺកំពង់ផែវិញ ហួរ ដែលមានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំ។ ទី២ កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗចេញចូលប្រទេសថៃ និងទី៤ គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន៕