ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលសិទ្ធិជួលកោះរ៉ុង ខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍តាមផែនការដើម្បីឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិលំដាប់ពិភពលោក។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយអភិបាលក្រុងកោះរ៉ុង មន្ទីរ អង្គភាពពាក់ព័ន្ធ បានបើកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការអភិវឌ្ឍកោះរ៉ុង។
លោកបន្តថា ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាជួលតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០០៨ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រគល់កោះរ៉ុងជាផ្លូវការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍ ដូចជា ការសាងសង់សណ្ឋាគារ កាស៊ីណូ និងរីសតផ្សេងៗ ការសាងសង់ផ្លូវ ផែ ស្ពាន និងអគ្គិសនី អ៊ីនធើណេត និងទឹកស្អាត។ល។
លោកបន្ថែមថា ក្រុមហ៊ុនបានចាប់ផ្តើមស្ថាបនាប្រព័ន្ធផ្លូវថ្នល់តាមប្លង់មេ និងធ្វើការដឹកជញ្ជូនសម្ភារៈសាងសង់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០០៩ ការសាងសង់ប្រព័ន្ធផ្លូវថ្នល់ចែកចេញជា៥ដំណាក់កាល ការចុះបញ្ជីដីរដ្ឋចំនួន៣៣ក្បាលដី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០០៩ និងប្លង់មេក្នុងការអភិវឌ្ឍ អនុម័តនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៨ និង ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនមានការលំបាកក្នុងការអនុវត្តគម្រោងដោយសារទំនាស់ដីធ្លី។
លោកបានលើកឡើងថា សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ សណ្ឋាគារផ្កាយប្រាំ ដឹ រ៉ូយ៉ាល់ ស៊ែន កោះរ៉ុង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ និងពិធីសម្ពោធគម្រោងសណ្ឋាគារផ្កាយប្រាំ ដឹ រ៉ូយ៉ាល់ ស៊ែន កោះរ៉ុង ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។
លោកថា សណ្ឋាគារផ្កាយ ៥ The Royal Sands Koh Rong Hotel ក្នុងទឹកប្រាក់វិនិយោគចំនួន ៤០ លានដុល្លារសហរដ្ឋអាមេរិក ជារមណីយដ្ឋានប្រភេទផ្ទះវីឡា ភ្ជាប់ដោយអាងហែលទឹក មានចំនួន៦៧ វីឡា លើផ្ទៃដីទំហំ ៧.២ហិកតា ស្ថិតនៅក្បាលដីលេខ៨ នៃប្លង់មេ ក្នុងភូមិសុខសាន្ត បានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
លោកបន្ថែមថា មិនមានការរុះរើលំនៅដ្ឋានប្រជាពលរដ្ឋពីភូមិកោះតូច និងភូមិសុខសាន្ត ទៅភូមិព្រែកស្វាយនោះទេ គឺកាត់ឆ្វៀលជូនប្រជាពលរដ្ឋចំនួន គ្រួសារ ផ្អែកតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។ សង់ផ្លូវគ្រួសក្រហមទទឹង ១២ម៉ែត្រ និងប្រព័ន្ធលូបានប្រវែងជាង ៤០គីឡូម៉ែត្រ នៃប្រព័ន្ធផ្លូវមេប្រវែង ៧០គីឡូម៉ែត្រ ដែលបានអនុម័ត តភ្ជាប់ចរាចរណ៍រវាងភូមិទាំង៤ នៅលើកោះរ៉ុង ដោយបច្ចុប្បន្ន បន្តសាងសង់ផ្លូវចាក់បេតុងលើផ្លូវធ្វើហើយជាបន្តទៀត។
លោកបញ្ជាក់ទៀតថា ការអភិវឌ្ឍបន្ត គឺក្រុមហ៊ុនត្រូវសាងសង់សណ្ឋាគារ និងកាស៊ីណូនៅលើក្បាលដីលេខ៧ និងលេខ៨ លើផ្ទៃដីទំហំ ៣៥ហិកតា និងបានឈូសឆាយបោះបង្គោលព្រំដីត្រូវសង់សណ្ឋាគារ កាស៊ីណូ កាលពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២០៕