ខេត្តស្វាយរៀង នៅតែមាន​ភាព​ទាក់ទាញ​ក្នុងការ​វិនិយោគ​វិស័យ​សំណង់

0

ដោយ ៖ រ៉ា​ណេ​ត

ស្វាយរៀង ៖ វិស័យ​សំណង់​នៅក្នុង​ខេត្តស្វាយរៀង ជាពិសេស នៅ​ក្រុង​បាវិត​ដែលជា​តំបន់​ពាណិជ្ជកម្ម​ពិសេស​ជាប់​ព្រំដែន នៅតែ​បន្តសកម្មភាព​អភិវឌ្ឍន៍ និង​សាងសង់​ដដែល ដោយ​មិន​ស្ងប់ស្ងាត់​ដោយសា​រវិន​ត្តិ​សេដ្ឋកិច្ច​នោះឡើយ។ នេះ​បើតាម​ការអះអាង​របស់​លោក​អភិបាលរង​ខេត្តស្វាយរៀង។

អភិបាលរង​ខេត្តស្វាយរៀង លោក លោក រស់ ផា​រិ​ទ្ធ បាន​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តស្វាយរៀង នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ថា​វិស័យ​សំណង់​នៅក្នុង​ខេត្តស្វាយរៀង​នាពេល​បច្ចុប្បន្ននេះ នៅតែ​បន្ត​មានការ​ភាព​ចំរើន​គួរឱ្យកត់សម្គាល់ និង​គួរ​ជាទី​ទាក់ទាញ​មិន​ចាញ់​បណ្តា​ខេត្ត​មួយចំនួន​របស់​កម្ពុជា​នោះទេ។

លោក​បាន​បញ្ជាក់ថា “ទាំង​វិស័យ​សំណង់​លំនៅដ្ឋាន ទាំង​សំណង់​អាគារខ្ពស់ៗ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្មផ្សេងៗ បាន និង​កំពុង​បន្ត​ការសាងសង់​ដោយ​មិនមាន​ការផ្អាក់​នោះទេ ហើយ​រដ្ឋបាលខេត្ត​ក៏​ទទួលបាន​លិខិត​ស្នើសុំ​ធ្វើ​អាជីវកម្ម​ពី​វិស័យ​ឯកជន​មួយចំនួនទៀត ដែល​ភាគច្រើន​គឺ​ស្ថិតនៅក្នុង​វិស័យ​សំណង់” ។

នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Kraty Realthy Co,. Ltd លោក ចក់ ស៊ី​ណាត បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្តស្វាយរៀង ភាគច្រើន​គេ​ផ្តោត​សំខាន់​ទៅ​ក្រុង​បាវិត ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ព្រំដែន ច្រើនជាង​នៅ​ទី​រួម​ខេត្ត។

លោក​បាន​បន្តថា “ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​សាងសង់​សំណង់​ដែល​កំពុង​បន្តសកម្មភាព​ទាំងអស់​ដូច​ការលើកឡើង​ខាងលើ ភាគច្រើន​អាចជា​គម្រោង​ចាស់​ដែល​បន្សល់ទុក​តាំងពី​ឆ្នាំមុន ដែល​វា​មិនមែនជា​គម្រោង​ថ្មី​ដែល​ទើបតែ​ចាប់ផ្តើម​នៅ​ដើមឆ្នាំ២០២០នោះទេ” ។ លោក​ថា “គម្រោង​សំណង់ធំៗ មិនមែន​ចំណាយពេល​ត្រឹម១ឆ្នាំ​អាច​បញ្ចប់​ការសាងសង់​នោះទេ មិន​ថា​ចំពោះ​គម្រោង​សំណង់​បណ្តុំ​លំនៅដ្ឋាន ឬ​ជា​គម្រោង​អាគារខ្ពស់ៗសម្រាប់​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សកម្មភាព​ទាំងអស់នេះ ជា​ចំណែក​មួយ​យ៉ាងសំខាន់​នៅក្នុង​ការជួយ​គាំទ្រ​នូវ​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់ ក៏ដូចជា​ទីផ្សារ​អចលនទ្រព្យ​ផងដែរ” ។

លោក ចក់ ស៊ី​ណាត បាន​បន្តទៀតថា “ភាពស្ងប់ស្ងាត់​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាវិត​គឺ​បណ្តាលមកពី​បញ្ហា​នៃ​វិបត្តិ​ជំងឺឆ្លង ដែល​អាជីវកម្មធំៗមួយចំនួន​ត្រូវបាន​ផ្អាក់​ដំណើរការ ដូចជា អាជីវកម្ម​កាស៊ីណូ មណ្ឌល​កម្សាន្ត រោងចក្រ​មួយចំនួន ប៉ុន្តែ​នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាតឱ្យ​អាជីវកម្ម​ទាំងនេះ​បើក​ដំណើរការ​ឡើងវិញ វា​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្ម​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​មាន​សកម្មភាព​ឡើងវិញ ដោយ​រាប់បញ្ចូល​ចាប់ពី​ទីផ្សារ​នៃ​ការជួល​អាគារ​អាជីវកម្ម និង​អាគារ​សម្រាប់​ស្នាក់នៅ​ឡើងទៅ” ។

អ្នកវិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​មួយចំនួន​បានធ្វើ​ការអះអាង​ស្រដៀង​គ្នា​ថា ការវិនិយោគ​នៅក្នុង​ក្រុង​បាវិត​នឹង​បន្ត​កើនឡើង ហើយ​ប្រែក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នាពេល​អនាគត ដោយសារ​មាន​ភាព​អំណោយផល​លើក​ក្តា​ទីតាំង​ភូមិសាស្ត្រ ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក។  បន្ថែម​ពីនេះ ក្រុង​បាវិត​ត្រូវ​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អ មាន​អំណោយផល​ដល់​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​របស់​វៀតណាម ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ក្រុង​បាវិត តំបន់ឧស្សាហកម្ម​ពិសេស ស្ថិតក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥-២០២៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here