ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រីក និងពង្រឹងគម្រោងហេដ្ឋារចនាស ម្ព័ន្ធសំខាន់ជាច្រើនៅទូទាំងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការកាត់បន្ថយថ្លៃដើម និងជំរុញការដឹកជញ្ជូនឱ្យបានរហ័យ និងទាន់ពេល។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យកាលពីពេលថ្មីនេះ បានឱ្យដឹងថា រដ្ឋាភិបាលតាមរយៈក្រសួងបាននឹងកំពុងអនុវត្ត គម្រោងស្ថាបនាពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗនៅក្កម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា។
លោកទេសរដ្ឋមន្ត្រីបន្តថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន ផ្លូវក្រវាត់ក្រុងទី១ ទី២ ទី៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ជាដើម។
លោកស៊ុន ចាន់ថុលបានបន្តថា គោលជំហ និងគោលការណ៍របស់ក្រសួងនាពេលបច្ចុប្បន្ននេះ គឺការសាងសង់ផ្លូវឱ្យបានរឹងមាំ ដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង ពោលគឺ មិនមែនធ្វើមុខខូច ក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស ចាក់ក្រាស់ស៊ីស្ដើងនោះឡើយ។
លោកបន្ថែមថា គោលការណ៍នេះ ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត តាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ និងការបង្កើតក្រុមការងារត្រួតពិនិត្យពិសេសដើម្បី តាមដានការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងជញ្ជូន លោក វ៉ាស៊ីម សូរីយ៉ា បានឱ្យដឹងដែរថា ជាការពិតណាស់ រដ្ឋាភិបាលបាននឹងកំពុងអនុវត្តន៍ស្តារ និងភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រែក្លាយពីផ្លូវពីបេតុង ទៅផ្លូវAC និងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ ក្នុងកសាងផ្លូវតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធ្វើឱ្យមានគុណភាពខ្ពស់។
លោកបន្តថា “យើងបានកសាងផ្លូវផ្លូវដែក កំពង់ផែ និងផ្លូវល្បឿនលឿនមានទាំងបំពាក់ភ្លើងបំភ្លឺផ្លូវ កាមេរ៉ាសុវត្ថិភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងន័យធ្វើយ៉ាងណាឱ្យវាទំនើប ដូចនៅបណ្តាប្រទេសអភិវឌ្ឍន៍នានា នៅក្នុងពិភពលោក ដែលយើងកំពុងអនុវត្តបណ្តើរៗ ហើយត្រូវប្រើពេលយូរ និងចំណាយថវិកាច្រើនក្នុងកិច្ចការនេះ” ។ លោកបន្តថា “ក្រោយធ្វើទំនើបកម្ម និងតភ្ជាប់ជាមួយផ្លូវហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែកុងតឺន័រថ្មីក្នុងខេត្តព្រះសីហនុ នឹងប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ ក្នុងតំបន់អាស៊ាន ដែលអាចឲ្យកប៉ាល់ធំៗចូលចតបាន” ។
ដោយឡែក ចំពោះការធ្វើវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ គឺជាយុទ្ធសាស្ត្រសំខាន់មួយ របស់ប្រទេសកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច ស្របពេលការខិតខំរបស់រដ្ឋាភិបាល ក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដើម្បីទ្រទ្រង់កំណើនក្នុងវិស័យផលិតកម្ម និងពង្រីកឧបករណ៍ប្រើប្រាស់៕