ដោយ៖ ប៊ី
ភ្នំពេញ៖ ការវិនិយោគខុនដូនៅក្រៅតំបន់ពាណិជ្ជកម្ម កំពុងទាក់ទាញអ្នកទិញបរទេស និងក្នុងស្រុកចូលមកទីផ្សារបានកាន់តែច្រើន ជាមួយនឹងការផ្តល់ជូនតម្លៃកាន់តែប្រសើរ ខណៈចំនួនវិនិយោគិនចិននៅតែបន្តនាំមុខនៅក្នុងទីផ្សារខុនដូកម្ពុជា។
លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia ត្រូវបានដកស្រង់កាសែតចិន South China Morning Post ដោយលោកនិយាយថា អ្នកទិញជនជាតិចិនជាធម្មតាមានចំនួន ៧០ភាគរយនៃចំនួនខុនដូយូណីត នៅក្នុងគម្រោងដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិននៅកម្ពុជា។
លោកបានមានប្រសាសន៍ថា “ប្រទេសកម្ពុជានៅតែមានតម្លៃល្អ សម្រាប់វិនិយោគិនចិន។ តម្លៃមិនខ្ពស់ពេកទេ (ប្រហែល ១.៨០០-២,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់គម្រោងដែលមានគុណភាពល្អ) ហើយការវិនិយោគអចលនទ្រព្យនៅទីនេះត្រូវបានគិតជាដុល្លារ ដែលទាក់ទាញសម្រាប់មនុស្សជាច្រើន” ។
វិនិយោគិនក៏អាចជឿជាក់លើវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃគម្រោងសាងសង់ថ្មី។
លោក Hodge បានមានប្រសាសន៍ថា “នៅពេលដែលយើងមើលទៅលើការអភិវឌ្ឍន៍ ជាពិសេសក្នុងរយៈពេល ១៨ ខែកន្លងមកនេះ យើងបានឃើញការរចនាគម្រោងជាច្រើនមានការទាក់ទាញស្របតាមការរំពឹងទុករបស់ប្រជាជន និងជាមួយនឹងភាពសំបូរបែបនៃការពង្រីកខ្លួនរបស់គម្រោង” ។
លោក បានបន្តថា “ការបង្វែរទិសដៅវិនិយោគទៅតំបន់វិនិយោគបន្ទាប់ពីតំបន់សំខាន់ៗ ដែលអាចឱ្យអ្នកអភិវឌ្ឍន៍ផ្តល់ជូននូវតម្លៃកាន់តែប្រសើរ ក៏អាចទាក់ទាញអ្នកទិញបរទេស និងក្នុងស្រុកចូលមកទីផ្សារបានកាន់តែច្រើនផងដែរ” ។
លោកបានបន្ថែមថា នៅក្នុងទីផ្សារបច្ចុប្បន្នការបញ្ចុះតម្លៃក្នុងចន្លោះពី ៨ ទៅ ១៥ ភាគរយត្រូវបានផ្តល់ជួន។ ខណៈពេលដែលការជួលបានធ្លាក់ចុះ ចាប់តាំងពីការរាតត្បាតនេះ លោក Hodge និយាយថា វិនិយោគិននៅតែអាចរំពឹងថានឹងទទួលបានចំណេញត្រឡប់មកវិញពី៥.៥ ទៅ ៦ភាគរយសម្រាប់ខុនដូ ដែលមានគុណភាពនៅទីតាំងល្អ។
ទោះបីជាខុនដូទំនើបៗ ត្រូវឆ្លងកាត់ការពិនិត្យម៉ត់ចត់ជាងមុន មុនពេលពួកគេអាចចាប់ផ្តើមលក់បានក៏ដោយ លោក Hodge ណែនាំឱ្យអ្នកទិញពិនិត្យប្រវត្តិរបស់គម្រោងឱ្យបានម៉ត់ចត់។ លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនអន្តរជាតិ ស្ថានទូត និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន មានតម្រូវការតឹងរឹងចំពោះសុខភាព និងសុវត្ថិភាពបុគ្គលិករបស់ពួកគេ ហើយគម្រោងខ្លះព្យាយាម ដើម្បីបំពេញតាមបទដ្ឋានទាំងនោះ” ។
ឧទាហរណ៍ សុវត្ថិភាពអគ្គិភ័យ ដែលមិនអនុលោមតាមស្តង់ដារអន្តរជាតិ ដូចជាស្តង់ដារអាមេរិក ហុងកុង ឬសឹង្ហបុរី អាចជាការពិបាកក្នុងការចរចា ប្រសិនបើអ្នកសង្ឃឹមថា ចង់ចាប់អ្នកជួលកម្រិតទាំងនេះ។
លោកបន្តថា “តើអ្នកឧស្សាហ៍យកចិត្តទុកដាក់ចំពោះវិធីសាស្ត្ររបស់អ្នកអភិវឌ្ឍន៍ ចំពោះគម្រោងនេះដែរឬទេ? លតើពួកគេបានគិតយ៉ាងច្បាស់អំពីការគ្រប់គ្រងអចលនទ្រព្យ ហើយតើពួកគេកំណត់ថ្លៃសេវាកម្មយ៉ាងដូចម្តេច?” ។
លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank Cambodia យល់ស្របថា ការគិតថ្លៃសេវាកម្ម ជាពិសេសថា តើវាគ្រប់គ្រាន់សម្រាប់គ្រប់គ្រងអគារនេះដែរឬទេ – គួរតែពិនិត្យឡើងវិញ ដោយយកចិត្តទុកដាក់។
លោក បានថ្លែអថា “ខណៈវិនិយោគិនជាច្រើនយល់ថាថ្លៃសេវាកម្មទាបជាការសន្សំថ្លៃដើមក្នុងរយៈពេលខ្លី ផលប៉ះពាល់រយៈពេលវែងលើការវិនិយោគអាចកើតឡើងនាពេលខាងមុខ ប្រសិនបើថ្លៃសេវាកម្មមិនគ្រប់គ្រាន់សម្រាប់ចំណាយលើថ្លៃដើម។ ទីពីរ តើអ្នកណានឹងគ្រប់គ្រងអចលនទ្រព្យ? កត្តាទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតម្លៃនាពេលអនាគត” ។
ក្រុមហ៊ុន Knight Frank មើលឃើញពីការកើនឡើងនៃចំនួនអ្នកវិនិយោគពីហុងកុង ដែលឥឡូវនេះកំពុងសម្លឹងមើលឱកាសនៅកម្ពុជាទាំងអាជីវកម្ម និងការវិនិយោគក្នុងវិស័យអចលនទ្រព្យ ខណៈលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកប្រទេសកម្ពុជាត្រូវបានគាំទ្រដោយការវិនិយោគពីប្រទេសចិន។
ទោះបីការជួលក្នុងវិស័យខុនដូលំដាប់ប្រណីតនៅភ្នំពេញបានធ្លាក់ចុះ ២៥ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០១៧ ដោយសារការផ្គត់ផ្គង់មានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែលោក Wheble ជឿជាក់ថា កម្ពុជានៅតែល្អសម្រាប់វិនិយោគិនបរទេសក្នុងការពិចារណា។
លោកថ្លែងថា “ពិតមែន ប៉ុន្តែនេះទាមទារចំណេះដឹងទីផ្សារ និងការយល់ដឹងពីតម្រូវការនាពេលអនាគត។ ដើម្បីឱ្យទីផ្សារមាននិរន្តរភាព វាចាំបាច់ត្រូវជំរុញដោយតំរូវការក្នុងស្រុក ហើយវិនិយោគិនគួរតែផ្តោតលើគម្រោង ដែលមានតំលៃសមរម្យនៅកម្ពុជា” ៕