សម្តេចតេជោ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់នៅទូទាំងប្រទេសទំាងអស់នៅតែបន្តសកម្មភាព

0

ដោយ ៖ វុឌ្ឈនៈ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ទាំងអស់នៅទូទាំងប្រទេស នៅតែបន្តសកម្មភាពរបស់ខ្លួន ដែលបានផ្តល់នូវឱកាសការងារជូនដល់ពលរដ្ឋនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺ Covid-19 នេះ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះឱ្យដឹងថា ការបន្តធ្វើសកម្មភាពរបស់ក្រុមហ៊ុនសំណង់នាពេលនេះ គឺជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់នូវកំលាំងពលកម្មជូនពលរដ្ឋកម្ពុជា។

សម្តេចតេជោថ្លែងថា “ខ្ញុំឃើញថា ក្រុមហ៊ុនសំណង់នានានៅតែបន្តធ្វើ ហើយបើខ្ញុំសួរទៅ គឺគម្រោងលំនៅឋានដែលបានបើកភ្លាម មានអ្នកកក់ ឬទិញភ្លាម”។ សម្តេចតេជោបន្ថែមថា “ការធ្វើបែបនេះ ដើម្បីធ្វើយ៉ាងណាឱ្យកម្មកររបស់យើងមានការងារធ្វើ ដើម្បីមានប្រាក់ចំណូលខ្លះ ដោយមិនទំលាក់ញ្ហាសង្គមនេះដល់រដ្ឋាភិបាលខ្លាំងនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនថាក្រុមហ៊ុនសំណង់នោះទេ វិស័យឯកជននៅទូទាំងប្រទេស បាននឹងកំពុងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការទទួលខុសត្រូវសង្គមដែលកំពុងប្រឈមនឹងវិបត្តិជំងឺ Covid-19 ដោយមានមិនមានការផ្អាក ឬបិតអាជីវកម្មរបស់ខ្លួន។

សម្តេចតេជោ បញ្ជាក់ទៀតថា បើទោះបីមានរោងចក្រមួយចំនួនបានប្រកាសបិទសង្វាក់ផលិតកម្មនាពេលកន្លងមកនេះ ក៏មានរោងចក្រមួយចំនួនទៀត បានបើកថ្មី និងប្តូរទិសដៅសង្វាក់ផលិតកម្មរបស់ខ្លួនផងដែរ ដែលទាំងនេះបាន និងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាជាច្រើននៅក្នុងវិបត្តិសេដ្ឋកិច្ចសកលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here