ដោយគង់ សូរិយា
ភ្នំពេញៈ សមាគមធ្វើការពាក់ព័ន្ឋវិស័យអចលនទ្រព្យ បានដាក់សំណើរមួយទៅរ ដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំពន្យាពេលការបង់់ពន្ឋមូលធនក្នុងរយៈពេលមួយតាមការសមគួរ។
សមាគមទាំងបីនោះរួមមានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាសមាគមអ្នកសាងសង់កម្ពុជានិងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោកឧកញ៉ាលីហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី៧តុលានេះថាសមាគមទាំងបីបានជួបប្រជុំគ្នាហើយបានមូលមតិគ្នាក្នុងការដាក់សំណើរទៅរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីសុំពន្យាពេលលើការបង់ពន្ឋមូលធនប៉ុន្តែសំណើរនេះមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ។
លោកឧកញ៉ាបានបន្តថា“ខ្ញុំគិតថារដ្ឋាភិបាលប្រហែលជាយោគយល់ និងមិនជំទាស់សំណើរនេះទេ ដោយសារស្ថានភាពកំពុងជួបផលលំបាក ហើយការទិញលក់អចលទ្រព្យមានការធ្លាក់ចុះ បន្ទាប់ពីការប្រកាសយកពន្ឋមូលធនពីរដ្ឋាភិបាល”។លោកបន្តថា “យើងមិនជំទាស់នោះទេចំពោះការយកពន្ឋនេះ ព្រោះប្រទេសណាក៏យកពន្ឋបែបនេះដែរ តែចាំពេលសេដ្ឋកិច្ចយើងរីកចម្រើនឡើងវិញ ចាំយកក៏ជាការប្រសើរ”។
លោកប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានរូបនេះបានបន្តថាថ្នាក់ដឹកនាំសមាគមទាំងបីមិនបានស្នើសុំក្នុងពេលវេលាកំណត់ណាមួយថាសុំប៉ុន្មានឆ្នាំឬប៉ុន្មានខែនោះទេអ្វីៗជាការសម្រេចរបស់រដ្ឋាភិបាលដែលគួរយកក្នុងពេលវេលាសមស្របណាមួយវិស័យឯកជនមិនជំទាស់នោះទេ៕