បណ្តាអ្នកជំនាញ បង្ហាញពីការព្យាករណ៍ទីផ្សារអចលនទ្រព្យសម្រាប់ឆ្នាំ២០២១

0

ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ វិស័យអចលនទ្រព្យសកលបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីឥទ្ធិពលនៃវតបត្តិ Covid-19 ។ ដោយឡែកសម្រាប់កម្ពុជាហាក់មានភាពធូរស្រាលជាងបណ្តាប្រទេសដទៃ ហើយនៅឆ្នាំ២០២១ខាងមុខនេះ អាចនឹងមានភាពកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ខណៈដែលសកម្មភាពទិញលក់ និងអភិវឌ្ឍក្នុងស្រុកនៅតែបន្តមានយ៉ាងមមាញឹក។

ប្រធានសមាគមអចលនទ្រព្យ សកល លោក សំ សុខនឿន បានបង្ហាញពីការព្យាករណ៍មកកាន់គេហទំព័រ Property Area Asia ជាមួយនឹងក្ដីរំពឹងថា វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២១ អាចនឹងមានសន្ទុះជាងឆ្នាំ២០២០នេះ។

លោកបានបញ្ជាក់ថា ប្រសិនបើ វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ត្រូវបានរកឃើញជាស្ថាពរ និងលុបបំបាត់ការរាត់ត្បាតជាសកលបាន ខ្ញុំជឿជាក់ថា តាមរយៈរាជរដ្ឋាភិបាល អាចនឹងទាក់ទាញវិនិយោគិនពីក្រៅស្រុកឱ្យចូលមកក្នុងប្រទេសកម្ពុជាបានច្រើនជាងនេះ ហើយវិស័យអចលនទ្រព្យនឹងកាន់តែក្តៅគគុកល្អជាងនេះ។ ខ្ញុំជឿជាក់ ១០០ភាគរយថា នៅពេលវិនិយោគិនចិន និងបណ្តាប្រទេសផ្សេងៗទៀតចូលមកទីផ្សារកម្ពុជាសាជាថ្មី ចលនានៃការទិញ-លក់អចលនទ្រព្យនឹងកក្រើកឡើងវិញ”។

ដោយឡែក នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហួរ បានលើកឡើងថា សម្រាប់វិស័យអចលនទ្រព្យឆ្នាំ២០២១ បើសិនជាជំងឺរាតត្បាតផុតរលត់ អ្វីៗវានឹងងើបមកប្រសើរឡើងវិញ តែបើសិនជាវានៅមានចំហាយ ហើយអូសបន្លាយទៀត ស្ថានភាពនឹងមិនខុសគ្នាពីឆ្នាំ២០២០នេះឡើយ។

លោកស្រីបញ្ជាក់ថា “បើវាមិនផុតទៅទេ នោះស្ថានភាពនឹងកាន់តែពិបាកខ្លាំង តែយ៉ាងណាមិនធ្ងន់ធ្ងរ និងប៉ះពាល់គ្រប់មុខដូចសង្គ្រាមលោកនោះទេ តែបើជំងឺនេះ វាជាហើយ គ្រប់យ៉ាងនឹងត្រឡប់មករកសភាពធម្មតាជាក់ជាមិនខាន”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហាញទស្សនៈផ្ទាល់ខ្លួនផងដែរថា “សម្រាប់ការយល់ឃើញរបស់ខ្ញុំ នៅក្នុងឆ្នាំ ២០២១ វាហាក់ដូចជាមានភាពស្រពេចស្រពិលនៅឡើយសម្រាប់ធ្វើការព្យាករណ៍ ដោយសារតែវ៉ាក់សាំងមិនទាន់ប្រាកដប្រជា។ ទោះជាយ៉ាងណាក៏ដោយ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានសកម្មភាព ជាពិសេស អតិថិជនក្នុងស្រុកនៅតែបន្តទិញ-លក់ ប៉ុន្តែអាចនឹងមិនកម្រើកច្រើននោះទេ”។

ប្រធានសមាគមរូបនេះបានបញ្ជាក់ទៀតថា “ធនាគារមួយចំនួននៅតែបន្តគាំទ្រផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ ដែលវាជារឿងល្អ និងអនុញ្ញាតឱ្យវិស័យនេះនៅតែមានដង្ហើម បើទោះជាកម្ពុជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ ដើម្បីឱ្យកិច្ចការងារលើវិស័យអចលនទ្រព្យដំណើរការ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល វិស័យធនាគារ និងតម្រូវការក្នុងស្រុក គឺជាកត្តាសំខាន់ជួយជម្រុញឱ្យវិស័យអចលនទ្រព្យរីកចម្រើននាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here