ដោយៈ រ៉ាណេត
ភ្នំពេញៈ និយាយពីការវិនិយោគគេតែងផ្តោតសំខាន់ ទៅលើភាពប្រឈមនៃវិបត្តិ Covid-19 ខណៈដែលបណ្តាប្រទេសនានានៅលើសាកលលោកក៏ដូចជាកម្ពុជាផងដែរនោះកំពុងទទួលនូវផលប៉ះពាល់យ៉ាងខ្លាំង។ដោយឡែកសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានអ្នកជំនាញនិងអ្នកវិនិយោគជាតិនិងអន្តរជាតិអះអាងមានស្ថានភាពល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន។
នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CSA ជនជាតិសិង្ហបុរី លោក Alan Neo ដែលកំពុងមានប្រតិបត្តិការយ៉ាងសកម្ម នៅលើទីផ្សារអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ថ្វីត្បិតវិស័យអចលនទ្រព្យកម្ពុជាទទួលរងនូវផលប៉ះពាល់ ប៉ុន្តែបើប្រៀបធៀបទៅនឹងបណ្តានានា នៅលើសាកលលោក ជាពិសេសប្រទេសក្នុងតំបន់ដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ចិន និងហុងកុង គឺកម្ពុជាមានស្ថានភាពល្អជាងគេ។
លោកបានបញ្ជាក់ថា “ទោះជាកម្ពុជាកំពុងតែទទួលរងនូវផលអវិជ្ជមាន ពីវិបត្តិ Covid-19 ប៉ុន្តែទីផ្សារនៃការទិញ –លក់អចលនទ្រព្យនៅតែមាន ដូចជាដីធ្លី លំនៅដ្ឋាន ជាពិសេសខុនដូ។លោកបន្តថា “តាមភាពជាក់ស្ដែងនៃការលក់របស់ក្រុមហ៊ុន CSA ទៅលើគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសវិស័យខុនដូកម្រិតមធ្យម គិតចាប់ពីដើមខែកក្កដា រហូតមកដល់ពេលនេះ គឺមានដំណើរការល្អ បើធៀបទៅនឹងរយៈពេល៦ខែនៃឆ្នាំនេះ ហើយអតិថិជន និងអ្នកវិនិយោគភាគច្រើនជាជនជាតិខ្មែរ។ ខ្ញុំជឿជាក់ថា នៅឆ្នាំបន្ទាប់ទីផ្សារអចលនទ្រព្យនឹងល្អប្រសើរជាងនេះទៀតជាក់ជាមិនខាន”។
ជាមួយគ្នានេះ លោក Ben Li អគ្គនាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍សំណង់ខុនដូដ៏ធំនៅក្នុងរាជធានីភ្នំពេញUrban Village បានបង្ហាញពីភាពជឿជាក់លើទីផ្សារអចលនទ្រព្យកម្ពុជាមានភាពល្អប្រសើរបើទោះជាមិនមានភាពពុះកញ្ជ្រោលដូចកាលពីអំឡុងចុងឆ្នាំ២០១៩ក៏ដោយ។
លោកBen Li បានមានប្រសាសន៍ថា “គម្រោងសាងសង់ជាច្រើន នៅតែបន្តសកម្មភាព ទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាគម្រោងសាងសង់អគារខុនដូផងដែរ”។លោកបន្ថែមថា “ជាក់ស្ដែង គម្រោងខុនដូក្នុងគម្រោងរួមរបស់ Urban Village កំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតាមការតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត់”។
លោកបញ្ជាក់ថាទីផ្សារអចលនទ្រព្យបច្ចុប្បន្នបាននិងកំពុងផ្តល់ល្អដល់បណ្តាអ្នកវិនិយោគដែលមានចរន្តសាច់ប្រាក់គ្រប់គ្រាន់ទិញសម្រាប់លក់បន្តយកចំណេញក្រោយពេលវិបត្តិត្រូវបញ្ចប់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “បើទោះជាស្ថានភាពនៃភាពប្រឈម នៅក្នុងប្រទេសកម្ពុជាត្រូវបានធូរស្រាល ប៉ុន្តែនៅមិនទាន់មានអ្នកវិនិយោគ និងអ្នកជំនួញមកពីក្រៅប្រទេសនៅឡើយ ដោយហេតុថា បណ្តាប្រទេសនានា នៅបន្តបិទការធ្វើដំណើរឆ្លងប្រទេស។ ដូច្នេះ វាជាឧបសគ្គមួយដល់វិស័យអចលនទ្រព្យនៅកម្ពុជា”។
លោកបញ្ជាក់ថា “យើងទទួលស្គាល់ថា នៅក្នុងរយៈពេលប្រមាណជាង៣ខែកន្លងទៅនេះ សកម្មភាពទីផ្សារ ដែលរួមមានការទិញ–លក់ និងការអភិវឌ្ឍន៍ចាប់ផ្តើមកម្រើកឡើងវិញ ប៉ុន្តែវាជាសកម្មភាពរបស់អ្នកអភិវឌ្ឍន៍ និងតម្រូវការរបស់ប្រជាជនក្នុងស្រុកតែប៉ុណ្ណោះ។ សម្រាប់ឆ្នាំក្រោយ ២០២១ យើងក៏នៅមិនទាន់អាចសន្មត់បានថា មានភាពល្អប្រសើរនឹងកើនឡើង ដល់កម្រិតណានោះទេ ដរាបណាវ៉ាក់សាំងមិនទាន់ប្រកាសដាក់ ឱ្យប្រើជាផ្លូវការ ហើយការស្ដារសេដ្ឋកិច្ចរបស់បណ្តាប្រទេសមួយចំនួន នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ”៕