ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញបានណែនាដល់អ្នកមានបំណងចង់ប្រឡូកក្នុងការរកស៊ី ឬ វិនិយោគលើវិស័យអចលនទ្រព្យ (ដីធ្លី) នៅក្នុងប្រទេសគួរត្រូវមានធនធានគ្រប់គ្រាន់ដើមចំណាយប្រចាំខែ ខណៈការវិនិយោគលើវិស័យមួយនេះ ទាមទារក្នុងរយៈពេលយូរទើបទទួលបានផលចំណេញត្រឡប់មកវិញ។
លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានប្រាប់គេហទំព័រ propertyara.asia ថា ក្នុងជំនួញលើវិស័យអចលនទ្រព្យ ត្រូវការពេលវេលាយូរដោយយ៉ាងហោចណាស់ ពី ៣ ទៅ ៥ ឆ្នាំ ទើបទទួលបានផលចំណេញ ត្រឡប់មកវិញ ហើយអ្នកដែលមានធនធានគ្រប់គ្រាន់អាចនឹងពិបាកក្នុងចំណាយប្រចាំខែ។
លោកឡុងគឹម សួគ៌ ថ្លែងថា អ្នកវិនិយោគមុននឹងសម្រេចចិត្តដាក់ទុនវិនិយោគលើវិស័យអលទ្រព្យនៅក្នុងតំបន់ណាមួយ ត្រូវពិនិត្យមើលទីតាំងឱ្យបានច្បាស់លាស់ (គម្រោងវិនិយោគធំៗ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលគេកំពុងធ្វើ) នៅពេលដែលយើងទិញនៅក្នុងតំបន់នោះ អាចប្រើប្រាស់ប្រមាណ កន្លះឆ្នាំ ឬ មួយឆ្នាំ យើងលក់វិញហើយអាចចំណេញ ។
លោកបន្តថា “តែនៅពេលដែលយើងទិញនៅកន្លែងដែលមិនមានគម្រោងអភិវឌ្ឍន៍ ឬ ត្រៀមអភិវឌ្ឍន៍ នាពេលខាងមុខនេះយើងត្រូវប្រើពេលយ៉ាងហោចណាស់ ពី ៣ ទៅ ៥ ឆ្នាំ ទើបទទួលបានផលមកវិញ”។
លោកបន្ថែមថា “អ្នកអភិវឌ្ឍន៍ប្រើប្រាស់ក្នុងរយៈពេលវែង គឺគាត់គិតទុកមុនថា ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំ ហើយអ្នកខ្លះទៀត គិតទុករហូតដល់ ១០ ឆ្នាំក្រោយទៀត ទើបគេចាប់ផ្តើមអភិវឌ្ឍន៍ ឬ លក់ចេញទើបទទួលបានផលចំណេញត្រឡប់មកវិញ”។
ចំណែក លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានឱ្យដឹងដែរថា ការិនិយោគលើវិស័យអចលនទ្រព្យជាពិសេសការទិញដីសម្រាប់វិនិយោគបន្តមិនថានៅតំបន់ណានោះទេ ឱកាសចំណេញសុទ្ធតែ ទាស់ត្រង់ថាចំណេញតិច ឬច្រើនតែប៉ុណ្ណោះ ហើយការចំណាយពេលយូរប៉ុណ្ណា។
លោកបានបន្តថា “ការទិញដីទុកលក់នៅតំបន់ជាយក្រុងមានឱកាសចំណេញតិច ប៉ុន្តែងាយស្រួលលក់ និងបានលឿន ដោយឡែកការទិញដីនៅតាមខេត្តឆ្ងាយៗហាក់ពិបាករកទីផ្សារ ប៉ុន្តែប្រសិនមានគម្រោងអភិវឌ្ឍន៍ណាមួយត្រូវបង្កើតឡើងនៅជិត នោះនឹងអាចទទួលបានប្រាក់ចំណេញស្ទើរទ្វេដង”។
លោកបន្តថា ប៉ុន្តែអ្វីដែលត្រូវប្រយ័ត្ន គឺការពិនិត្យទៅលើឯកសារពាក់ព័ន្ធនានា និងប្រាកដថាជាដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ ហើយមិនជាប់ពាក់ព័ន្ធទៅនឹងដីស្ថិតក្នុងតំបន់រក្សាទុករបស់រាជរដ្ឋាភិបាល”។
លោក ឃាង ពុទ្ធី បញ្ជាក់ថា “នៅក្នុងប្រទេសកម្ពុជា អ្នកមួយចំនួនបានចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យ ដោយមិនបានសិក្សាស៊ីជម្រៅ និងប្រមូលព័ត៌មានជុំវិញលើការវិនិយោគលើវិស័យអចលនទ្រព្យបានគ្រប់ជ្រុងជ្រោយ ហើយបានវិនិយោគតាមការអូសទាញ និងធ្វើតាមគ្នាដែលធ្វើឱ្យមានការខាតបង់ថវិកា” ៕