ចិន-កម្ពុជានឹងចុះហត្ថលេខាផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង លើកគម្រោងអភិវឌ្ឍសំខាន់ៗចំនួន៨ សម្រាប់ឆ្នាំ ២០២០នេះ

0

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា រដ្ឋាភិបាលចិននឹងចុះហត្ថលេខា ផ្តល់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០នេះ ដើម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍សំខាន់ចំនួន៨នៅក្នុងប្រទសកម្ពុជា ។

លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅក្នុងជំនួបជាមួយ ឡោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែតុលា ២០២០ បានបញ្ជាក់ថា គម្រោងត្រៀមចុះហត្ថលេខាមាន៖
គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង គម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧ គម្រោងជម្រុញផលិកម្មស្រូវ និងនាំចេញអង្ករ គម្រោងដែលកំពុងរៀបចំមាន៖ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។

លោក ឧបនាយករដ្ឋមន្ត្រី ស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០.០០០តោន។ លោកឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយ(ដែលបានចុះអនុស្សារណរួចហើយ) និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់។

លោកឧបនាយករដ្ឋមន្ត្រី បានលើកថា “កន្លងមកមិត្តចិនបានទិញកសិផលយើងបានច្រើនមួយចំនួនហើយ ដូចជាចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទីជាដើម ខ្ញុំក៏បានស្នើមិត្តចិនជួយទិញឲ្យបានច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញៈ ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន។ល។” ។

លោក ឧបនាយករដ្ឋមន្ត្រី ក៏ស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍កសិកម្ម។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកករណីវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន ស្នើភាគីមិត្តចិនផ្តល់វ៉ាក់ សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនៈកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈកន្លងមក។លោកបន្តថា ការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺដោយសារសម្ដេចតេជោ និងលោកឧបនាយករដ្ឋមន្ត្រី បានខិតខំកន្លងមក។

លោក វ៉ាង យី បន្ថែមថា ក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា និងវិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយCovid-19 ទេ តែកាន់តែមានច្រើន។

លោកបន្ថែមថា ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងសម្រប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន950លានយាន់(ប្រហែល140លានដុល្លារ)។ ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនិងCovid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។

លោកថា ចិន សន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ចិនបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល ស្នើអោយកម្ពុជាគាំទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here