ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា រៀបចំដាក់ឲ្យដំណើរការជាផ្លូវការ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ(កងកេង)បន្ទាប់ពីការងារពង្រីក និងជួសជុលផ្លូវរត់ ត្រូវបានបញ្ចប់ជាស្ថាពរហើយ អាចឲ្យយន្តហោះប្រភេទធំៗ ចុះចតបាន។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលនៅក្នុងពិធីតាមទំនៀមទម្លាប់ព្រះសាសនា និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០នេះបានឱ្យដឹងថា សមិទ្ធិផលនេះបានឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងកំណើននៃអ្នកធ្វើដំណើរតាមជើងហោះហើរ ពីបណ្តាប្រទេសនានាមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាបន្តបន្ទាប់ ។
ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ដែរថា ការរីកចំរើនខាងវិសយ័អាកាសចរណ៍នេះ នឹងបំពេញបន្ថែមបម្រើដល់ការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ថវិកាកសាងផ្លូវ ថ្នល់ និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀតក្នុងខេត្តព្រះសីហនុ។
តំណាងក្រុមហ៊ុន Cambodia Airport ធ្លាប់បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ និងការពង្រីកផ្លូវរត់ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនេះ នឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ពីបណ្តាប្រទេសមួយចំនួនមកកាន់ពីខេត្តព្រះសីហនុ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Cambodia Airport បានឱ្យដឹងថា គម្រោងជួសជុលនេះបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៨ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០ នាក់នៅក្នុងពេលវេលាដ៏មមាញឹក បានចែកចេញជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍។
ក្រុមហ៊ុន Cambodia Airport បានសម្តែងការអបអរសាទរដល់ក្រុមការងារទាំងអស់សម្រាប់សមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ និងសម្រេចបានដោយសុវត្ថិភាព ស្របតាមស្តង់ដារមានគុណភាពខ្ពស់ និងមិនមានការរំខានដល់ប្រតិបត្តិការ។
ជាមួយគ្នានេះ ក្រុមហ៊ុន Cambodia Airport ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ រួមមាន ក្រុមហ៊ុនអាកាសចរណ៍ អាជ្ញាធរ និងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសសម្រាប់ការសម្របសម្រួលយ៉ាងល្អ និងមានប្រសិទ្ធភាពបំផុតក្នុងរយៈពេលជិត ២ ឆ្នាំនៃគម្រោងនេះ៕