វិស័យ​ឯកជន​រំពឹង FTA កម្ពុជា-ចិន-កូរ៉េ នឹងចូលរួម​លើកកម្ពស់​ការវិនិយោគ​នៅ​កម្ពុជា

0

ដោយ:គង់ សូរិយា

ភ្នំពេញ: ថ្នាក់ដឹកនាំ​នៃ​ស្ថាប័នឯកជនធំៗចំនួន​ពីរ​នៅ​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយម​ថា នៅ​ថ្ងៃ​ខាងមុខ​កម្ពុជា នឹង​អាច​ទាក់ទាញ​វិនិយោគិន ពី​បណ្តា​ប្រទេសផ្សេងៗថែមទៀត​ឱ្យ​ចូលមក​បណ្តាក់ទុន ខណៈដែល​កម្ពុជា​បានបញ្ចប់​ជា​ផ្លូវការ នៃ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ភាគី​ចិន និង​កូរ៉េខាងត្បូង។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ឲ្យ​ដឹង​កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងមក​បាន​ថ្លែងថា ការសម្រេចបាន​នូវ​ស​មិ​ទ្ឋ​ផល​ជា​ប្រវត្តិសាស្ត្រ​នេះ​ជាការ​ងារ​ដែល​យើង​ចង់បាន​ណាស់ ជាមួយ​មហា​ប្រទេស​សេដ្ឋកិច្ចពិភពលោក​ទី២ (ចិន) ហើយ​មិនមែន​តែ​ប្រទេស​ណា​ចេះតែ​ទទួល​បានទេ ជាក់ស្តែង​ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ហើយ​កម្ពុជា​យើង​គឺជា​ភ័ព្វសំណាង​ហើយ ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​មាន​ភាពជិតស្និទ្ធ ទំនាក់ទំនង​ល្អ​ទើប​ឈាន ដល់​ចុះ​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ដែល​នេះ​ជា​ឱកាសល្អ។

លោក​បន្តទៀតថា “នៅពេលដែល​កម្ពុជា​ទទួល​បាន បណ្តា​ប្រទេស​អាស៊ាន​ដែល​នាំ​ចេញទៅ​ចិន​បង់ពន្ធ គេ​អាច​នឹង​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​កំពុង​កើតឡើង​ទៀត” ។ លោក​បន្តថា “ដូច្នេះ​ក្រុមហ៊ុន​ជាច្រើន​របស់​អាមេរិក​នឹង​អាច​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា ដើម្បី​បោះទីតាំង​រោងចក្រ​ផលិត ដើម្បី​នាំចេញ​ទៅ​ចិន​ដែរ ស្ទើរតែ​គ្រប់​វិស័យ​ពេល​ដែរ​ក្រុមហ៊ុន​វិនិយោគ​ចូលមក ទាំង​ដីធ្លី​ក៏​ឡើងថ្លៃ​ទាំងអស់ ព្រោះ​គេ​ត្រូវការ​ទីតាំង​រោងចក្រ គេ​ត្រូវការ​ការិយាល័យ និង​ត្រូវការ​អគារ​ស្នាក់នៅ​ជាដើម ពោលគឺ​គ្រប់​វិស័យ” ។

ទាក់ទង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) កម្ពុជា-កូរ៉េ លោក លឹម ហេង បាន​បញ្ជាក់ថា នេះ​ជាការ​ល្អ​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​រដ្ឋាភិបាល​បាន​ចាប់យក​កិច្ចព្រមព្រៀង​ថ្មី​រវាង​កម្ពុជា-កូរ៉េ ព្រោះថា​នៅ​ថ្ងៃ​ខាងមុខ មិនថាតែ​ក្រុមហ៊ុន​កូរ៉េ​ទេ គឺមាន​ក្រុមហ៊ុន​មកពី​ប្រទេសផ្សេងៗដទៃទៀត នឹង​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដែលជា​ឱកាស​មាស និង​ល្អ​បំផុត​សម្រាប់​កម្ពុជា។

ជាមួយគ្នានេះ លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា តាមរយះ​កិច្ចព្រមព្រៀង​ទាំងពីរ​ខាងលើនេះ នឹង​បើកផ្លូវ​ដល់​កម្ពុជា​ពង្រីក​នូវ​សក្តានុពល​ការនាំចេញ ពិសេស​ស្រូវ​អង្ករ​កម្ពុជា ដែល​ផ្តោតលើ​អង្ករ​ដែលមាន​លក្ខណៈពិសេស​ដូចជា អង្ករ​សរីរាង្គ និង​អង្ករសំរូប​ជាដើម។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី​មកកាន់​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ។

បន្ទាប់ពី​ចុះហត្ថលេខា​រួច​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​កម្ពុជា រំពឹងថា​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​នឹង​កើនឡើង ដោយ​ក្នុងចំណោម​មុខទំនិញ​ជាង៣៤០មុខ គឺ​ផលិតផល​កសិកម្ម៩៥ភាគរយ​ពី​កម្ពុជា ត្រូវ​រួច​ពន្ធ​សម្រាប់​ការនាំ​ចេញទៅ​ចិន ដែល​ភាគច្រើន​ជា​ទំនិញ​កសិកម្ម និង​ប្រភេទ​ទំនិញ​នៅក្នុង​ឧស្សាហកម្ម​កែច្នៃ។

រីឯ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េ ជា​លទ្ធផល​ការចរចា​ផ្ដោតទៅលើ​ការបើក​ច្រក​ទីផ្សារ និង​អត្ថបទ​កិច្ចព្រមព្រៀង​ទាំងមូល ដែល​គ្របដណ្ដប់​លើ​ជំពូក​ស្ដីពី៖កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ផ្នែក​ទំនិញ វិធាន​ប្រភពដើម​ទំនិញ វិធាន​ជាក់លាក់​សម្រាប់​ផលិតផល បែបបទ​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បញ្ហា​ច្បាប់ និង​ស្ថាប័ន។ ការចរចា​លើ​ជំពូកនីមួយៗ បានទទួល​លទ្ធផលផ្សេងៗគ្នា ក្នុងនោះ​ជំពូក​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិធាន​ជាក់លាក់​សម្រាប់​ផលិតផល ត្រូវ​បានបញ្ចប់​ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here