អចលនវត្ថុ ២ ប្រភេទដែលប្រជាជនកម្ពុជានិយមចំណាយលុយវិនិយោគ ងាយស្រួលសម្រួលចរន្តសាច់ប្រាក់

0

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ ប្រជាជនកម្ពុជានៅបច្ចុប្បន្ននេះមានចំណេះដឹងកាន់តែទូលាយនៅក្នុងការចំណាយលុយវិនិយោគ ជាពិសេសវិស័យវិស័យអចលនទ្រព្យ ដែលពលរដ្ឋកម្ពុជា ហ៊ានចំណាយលុយវិនិយោគ ជាមួយភាពជឿជាក់ថាអាចទទួលបានផលចំណេញត្រឡប់មកវិញច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា ក្នុងនាមជាអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ លោកសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើននិយមចំណាយលុយវិនិយោគទៅលើវិស័យលំនៅដ្ឋាន និងវិស័យដីធ្លី។

លោកបន្តថា “វាអាស្រ័យទៅលើស្ថានភាពរបស់អ្នកវិនិយោគដែរ ទីមួយប្រសិនបើជាអ្នកមានធនធានច្រើន នោះពួកគាត់ចូលចិត្តវិនិយោគទៅលើធីធ្លី អញ្ចឹងហើយគាត់គិតថាអាចទទួលបានប្រាក់ចំណេញច្រើន។
ទី២ ប្រសិនបើអ្នកនោះប្រើប្រាស់ប្រាក់មកពីប្រភពផ្សេងដូចជា កម្ចីពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុណាមួយ នោះពួកគាត់ច្រើនតែវិនិយោគជាផ្នែកខ្លះទៅលើផ្ទះ និងផ្នែកខ្លះទៀតទៅលើដីធ្លី”។

ប្រធានសមាគមរូបនេះរៀបរាប់ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យផ្ទះ និងដីធ្លីក្លាយជាមុខព្រួញ និងជាគោលដៅមានតម្រូវការច្រើន ដោយសារតែផ្ទះអាចរកបានប្រាក់ចំណូលពីការជួលប្រចាំខែ ដែលវាធ្វើឱ្យចរន្តលំហូរសាច់ប្រាក់មិនមានបញ្ហា។ រីឯការទិញដី វាមានផលលំបាកដែលពិបាកនឹងដាក់ជួល ប៉ុន្តែអាចទុករង់ចាំពេលវេលាណាមួយលក់យកចំណេញ លើកលែងតែចំនុចមួយគឺដីគ្មានចរន្តលំហូរសាច់ប្រាក់បង្វិលឡើយ។

ទន្ទឹមនេះ លោក ច្រឹក សុខ នីម បានណែនាំដល់អ្នកទិញអចលនទ្រព្យទាំងឡាយដែលមិនមានធនធានគ្រប់គ្រាន់ គួរណាកុំវិនិយោគលើវិស័យដីធ្លី យល់ល្អគប្បីវិនិយោគលើវិស័យលំនៅដ្ឋានវិញ។ ចំណែកឯអ្នកមានជីវភាពមធ្យម ឬមានប្រភពចំណូលគ្រប់គ្រាន់ អាចចំណាយថវិកាខ្លះវិនិយោគលើវិស័យលំនៅដ្ឋាន និងមួយផ្នែកទៀតវិនិយោគលើវិស័យដីធ្លីទើបជាការល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here