ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ការទិញ-លក់អចលនទ្រព្យនៅពេលបច្ចុប្បន្ននេះត្រូវបានគេទទួលស្គាល់កំពុងតែចាប់ផ្តើមងាកចេញពីភាពស្ងប់ស្ងាត់ជាបណ្ដើរៗ ប៉ុន្តែក្នុងនោះត្រូវបានអ្នកជំនាញដែលកំពុងប្រតិបត្តិនៅក្នុងវិស័យនេះអះអាងថា សកម្មភាពភាគច្រើនកើតមានតែនៅក្នុង និងតំបន់ជាយក្រុងតែប៉ុណ្ណោះ ដែលផ្ដើមចេញពីអតិថិជនក្នុងស្រុកតែប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះថា លោកទទួលស្គាល់នូវសកម្មភាពទីផ្សារអចលនទ្រព្យនៅពេលនេះពិតជាមានកំណើនល្អជាងកាលពី៤-៥ខែមុន ប៉ុន្តែសកម្មភាពទាំងនេះ ក្រៅពីតំបន់ដែលមានតម្រវការអភិវឌ្ឍនៅតាមបណ្តាខេត្តស្ថិតនៅជុំរាជធានីភ្នំពេញ គឺមានតែក្នុង និងតំបន់ជាយក្រុងតែប៉ុណ្ណោះ។
លោក វ៉ា វីរៈ បានមានប្រសាសន៍បញ្ជាក់ថា “នៅក្នុងរយៈកាលជាង៧ខែកន្លងទៅនេះ ក្រៅពីតំបន់រាជធានីភ្នំពេញ ខ្ញុំបានចេញបណ្តុះបណ្តាលក្នុងវគ្គសិក្ខាសាលាជំនាញជាភ្នាក់ងារអចនទ្រព្យបានចំនួន១៦ខេត្តក្រុង ដែលក្នុងនោះខ្ញុំបានធ្វើការកត់សម្គាល់ឃើញថា សកម្មភាពទិញ-លក់អចលនទ្រព្យ ដូចជាដីធ្លី និងសំណង់លំនៅដ្ឋានផ្សេងៗនៅតាមបណ្តាខេត្តហាក់មិនសូវមានកម្រើកខ្លាំងនៅឡើយនោះទេ ដែលអាចនិយាយបានថាស្ថិតនៅទ្រឹង”។
លោកបានបន្តថា “យើងទទួលស្គាល់ថា សកម្មភាពទីផ្សារអចលនទ្រព្យបានចាប់ផ្តើមកម្រើកឡើងវិញ ប៉ុន្តែអ្វីដែលជាការគួរឱ្យសម្គាល់គឺកើតមានតែនៅក្នុងក្រុង(ទីផ្សារខុនដូកម្រិតមធ្យម) ឬនៅតាមតំបន់ជាយក្រុង (ទីផ្សារលំនៅដ្ឋានកម្រិតសមរម្យ) តែប៉ុណ្ណោះ ហើយសកម្មភាពទាំងអស់នេះក៏អស្រ័យទៅលើតម្រូវការរបស់ប្រជាជនក្នុងស្រុក រួមជាមួយនឹងការផ្លាស់ប្ដូរនូវយុទ្ធសាស្ត្រក្នុងការលក់របស់អ្នកអភិវឌ្ឍន៍ ដែលវាមិនមែនជាសកម្មភាពដែលកើតមានដោយសារអ្នកមកពីក្រៅប្រទេសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងតម្លៃគឺមិនមានការឡើងថ្លៃនោះទេ ប៉ុន្តែមានអចលនវត្ថុមួយចំនួនលក់ក្នុងតម្លៃក្រោមទីផ្សារផងដែរ”។
អ្នកជំនាញផ្នែកលក់អចលនទ្រព្យនៅក្នុងតំបន់ខណ្ឌដង្កោ លោក សរ បញ្ញា ដែលកំពុងកាន់គម្រោងលំនៅដ្ឋាននៅក្នុងដៃ បានមានប្រសាសន៍ស្រដៀងការលើកឡើងខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា “ស្ទើរតែគ្រប់គម្រោងនៅតំបន់ជុំវិញរាជធានីភ្នំពេញភាគច្រើននៅតែមានទីផ្សារ លើកលែងតែគម្រោងដែលស្ថិតនៅទីតាំងមិនសូវអំណោយផលដែលពិបាកលក់”។
លោកបញ្ជាក់ថា “គម្រោងលំនៅដ្ឋានដែលស្ថិតនៅភាគខាងលិចក្នុងខណ្ឌដង្កោ គឺនៅតែមានទីផ្សារដដែល គ្រាន់តែមិនផុសផុលដូចគ្រាចុងឆ្នាំ២០១៩ ខណៈដែលអ្នកទិញក៏នៅតែមានសកម្មភាព។ នៅតំបន់ជាយក្រុងនេះ គម្រោងភាគច្រើនមិននៅទ្រឹងនោះទេ ដោយសារតែទីតាំងគម្រោងមានអំណោយពីហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគដោយរដ្ឋាភិបាលជាច្រើនខ្សែ ជាពិសេសស្ថិតនៅជិតគម្រោងធំដូចជា ផ្សារទំនើប AEON3 ស្ថិតនៅផ្លូវ៦០ម៉ែត្រ មានផ្លូវ៥០ម៉ែត្រនៅអមជាមួយ ស្ថិតនៅជិតគម្រោងព្រលានយន្តថ្មីក្នុងខេត្តកណ្តាល និងគម្រោងទីក្រុងរណបផ្សេងៗទៀត។ ប៉ុន្តែមិនរាប់បញ្ចូលពីស្ថានភាពដែលកំពុងទទួលរងនូវគ្រោះជំនន់ប៉ុន្មានថ្ងៃចុងក្រោយនេះនោះទេ”៕