ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា នៅក្នុងពេលដែលវិបត្តិ Covid-19 កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរងផលប៉ះពាល់។ ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសបុកនៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០នេះថា ពិតណាស់ គឺយើងត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ (covid-19) ឲ្យទៅជាឱកាសនៃការវិនិយោគក៏ដូចជាការអភិវឌ្ឍវិស័យកសិឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍ និងភាពរីកចម្រើននាពេលអនាគត។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានលើកឡើងដែរថា កម្ពុជា កំពុងប្រែក្លាយ វិបត្តិកូវីដ១៩ ឱ្យទៅជាឱកាស សម្រាប់វិស័យកសិកម្មខណ:វិស័យមួយចំនួន កំពុងរងផលប៉ះពាល់ តែវិស័យកសិកម្ម នៅតែបន្តកើនឡើង គួរឲ្យកត់សម្គាល់ ដោយតម្រូវការចាំបាច់ នៃទីផ្សារនៅតែត្រូវការជាប្រចាំ ។
សម្ដេចតេជោបានបន្តថា “យើង ត្រូវបង្វិលទិសឆាប់រហ័ស ដើម្បីជំរុញវិស័យកសិកម្ម របស់យើង ដើម្បីឱ្យក្លាយទៅជាឱកាសនៅក្នុងវិបត្តិកូវីដ១៩នេះ ”។ ជាមួយគ្នានេះ សម្ដេចតេជោអះអាងថា កម្ពុជាកំពុងធ្វើការពង្រីកទីផ្សារក្នុងការនាំចេញ កសិផលមួយចំនួន (ស្រូវ បន្លែបង្ការនានា,ចេក ,ដំឡូងមី ស្វាយ ជាដើម) ទៅកាន់ទីផ្សារកូរ៉េ ចិន ជប៉ុន និងប្រទេសមួយចំនួននៅលើពិភពលោកផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងឧស្សាហកម្ម និងមានការទាក់លើការវិនិយោគិនអន្តរជាតិនាពេលបច្ចុប្បន្ននេះ បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩។
លោកឧកញ៉ា លឹម ហេង បានថា “នាពេលបច្ចុប្បន្ននេះ វិស័យសំខាន់ៗដែលកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្លាំងរបស់កម្ពុជា រួមមាន វិស័យឧស្សាហកម្ម ដូចកាបូប ស្បែកជើង និង កង់ និងជាពិសេសវិស័យកសិកម្ម ដែលកំពុងមានការចាប់អារម្មណ៍លើកវិនិយោគទាំងវិនិយោគិនជាតិ និងអន្តរជាតិ”។
លោកថ្លែងថា “នៅក្នុងសម័យកូវីដនេះ យើងឃើញវិស័យកសិកម្ម កំពុងកំរើកខ្លាំង ហើយនេះ គឺជាក្តីសង្ឃឹមរបស់កម្ពុជា” ។ លោកបន្តថា “ខ្ញុំបានជួបក្រុមហ៊ុនអាមេរិកជាច្រើន បានបង្ហាញបំណងពីការវិនិយោគលើវិស័យនេះនៅកម្ពុជា ទាំងក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនជប៉ុន ជាពិសេសក្រុមហ៊ុនចិន ដែលបង្ហាញឆន្ទះក្នុងការវិនិយោគជាងគេ” ។
លោកបន្តថា “ក្រៅពីនេះយើងឃើញវិស័យឧស្សាហកម្ម ដែលកំពុងមានការកំរើកខ្លាំងដែរនោះ ដូចជា ផលិតកាបូប (ផលិតផលធ្វើដំណើរ) ស្បែកជើង និងកង់ ដែលមានការនាំចេញទៅទីផ្សារក្រៅប្រទេសបានច្រើន ក្នុងចំណោមវិស័យផ្សេងទៀត” ៕