ដោយវុត្ថា
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF ) នឹងបន្តជួយគាំទ្រកម្ពុជា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការជាប្រពៃណីកន្លងមក នឹងបានគូសញ្ជាក់ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពិសេស ក្នុងនោះ រួមានមានការផ្តល់ហិរញ្ញប្បទានរហ័ស ដែលជាជម្រើសមួយបន្ថែមសម្រាប់កម្ពុជា ក្នុងការបំពេញកង្វះខាតហិរញ្ញប្បទានសម្រាប់ផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ ១៩។
នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ប្រចាំកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីម្សិលមិញនេះ ។
លោក Yasuhisa Ojima បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងការគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា ជាពិសេសប្រសិទ្ធិភាពនៃការអនុវត្តនូវវិធានការមុតស្រួចថ្មីៗ នានាក្រោមក្របខណ្ឌយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩ និងកម្មវិធីគាំពារសង្គមជាដើម។
ជាមួយគ្នានេះ លោក Yasuhisa Ojima បានគាំទ្រស្មារតីប្រុងប្រយ័ត្នខ្ពស់របស់រាជរដ្ឋាភិបាលតាមរយៈការបន្តតាមដានការប្រែប្រួលស្ថានការម៉ាក្រូសេដ្ឋកិច្ច និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការឃ្លាំមើលការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច ទាំងកម្រិតសកល និងតំបន់។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិជានិច្ចជាកាល រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បន្តរួមសុខទុក្ខជាមួយកម្ពុជា ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកកំពុងបង្កឡើងដោយវិបត្តិជំងឺកូវីដ ១៩។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា មូលនិធិរូបិយវត្ថុអន្តរជាតិ មានតួនាទីសំខាន់ក្នុងការបន្តតាមដាន និងវាយតម្លៃការវិវត្តសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា និងផ្តល់ការសិក្សាផ្សេងៗ ដែលជាធាតុចូលសម្រាប់កម្ពុជា ក្នុងការបន្តរៀបចំវិធានការពាក់ព័ន្ធក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងការរៀបចំនូវវិធានការគោលនយោបាយសម្រាប់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបន្ថែមថា ទោះបីជាកម្ពុជាត្រូវបានវាយតម្លៃ និងទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បានល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានការវិវត្តិនៃជំងឺនេះ ដោយយកចិត្តទុកដាក់ខ្ពស់ និងពុំមើលស្រាលស្ថានការ ដោយបន្តអនុវត្តនូវវិធានការសុខាភិបាល រួមជាមួយនឹងការចាត់វិធានការមុតស្រួចក្នុងការគាំទ្រលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន។
លោកបញ្ជាក់ទៀតថា ឈរលើមូលដ្ឋាននេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាអាចបន្តមានប្រក្រតីភាពល្អ ខណៈស្ថានភាពសារពើពន្ធ ជាពិសេស ផ្នែកចំណូលពន្ធនឹងមានភាពប្រសើរជាងការរំពឹងទុក ដែលនេះ ជាបច្ច័យល្អ សម្រាប់ការអនុវត្តថវិកាឆ្នាំ ២០២១ ដោយអនុញ្ញាតឱ្យមានលំហថវិកាធំ និងការប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលតិចជាងការរំពឹងទុក ។ ប៉ុន្តែថ្មីៗនេះ ផលប៉ះពាល់ពីជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមួយផ្នែកវិញដល់បន្ទុកចំណាយរដ្ឋ ពិសេសការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងធារាសាស្ត្រ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ ១៩ (Post Covid-19 Recovery Plan) ដែលជាការគិតគូរសម្រាប់រយៈពេលមធ្យមក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅរកសក្តានុពលវិញឱ្យបានលឿន៕