ដោយវឌ្ឈនា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គម្រោងសាងសង់ផ្លូវល្បឿនតភ្ជាប់ពីភ្នំពេញ ទៅកាន់ទីក្រុងបាវិត នៃស្វាយរៀងស្ថិតនៅក្នុងនិតិវិធីវែងឆ្ងាយទៅមុខទៀត បើទោះក្រុមហ៊ុនចិនបានបញ្ចប់ការសិក្សា និងវាយតម្លៃផលប៉ះពាល់កាលពីកន្លងមកនេះយ៉ាងណាក្តី។
លោកគង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងមកឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះ ត្រូវការពេលវេលាយូអង្វែងថែមទៀត បើទោះគម្រោងនេះ ត្រូវបានប្រកាសពីការសិក្សាបញ្ចប់ ។
លោកបន្តថា “ក្រសួងត្រូវការបើកិច្ចប្រជុំជាច្រើនលើក ច្រើនសារថែទៀត ជាមួយភាគីពាក់ពាក់ និងខាងក្រុមហ៊ុន ដើម្បីជជែកលម្អិត និងពិភាក្សាជាមួយគ្នាច្រើនទៀត” ។ លោកបន្តថា “ខ្ញុំមិនអាចប្រាប់ពីព័ត៌មានលម្អិតបានទេ ខ្ញុំគ្រាន់តែអាចប្រាប់ថា នៅបន្តនិតិវធីវែងឆ្ងាយតទៅមុខទៀត ក្នុងន័យនេះមិនមែនគ្រាន់តែប្រជុំមួយដង ឬពីរដងត្រូវបញ្ចប់នោះទេ ” ។
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីខែកញ្ញា បានបើកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន China Railway International Group Co., Ltd។
យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា គម្រោងសាងសង់ផ្លូវនេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ជាផ្លូវរចនាឡើង សម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូម៉ែត្រក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជានិងវៀតណាម។
ផ្អែកតាមផែនការ ក្រុមហ៊ុនចិន China Railway International Group Co., Ltd បញ្ជាក់ថា នឹងផ្តល់របាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០កន្លងមកនេះ ដើម្បីយកជាមូលដ្ឋាន ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ត្រួតពិនិត្យ និងសិក្សាមុននឹងសម្រេចចិត្ត។
លោកសោម ម៉ាលីដា អ្នកជំនាញអចលនទ្រព្យមួយរូប នៅទីក្រុងបាវិតធ្លាប់បានឡើងឡើងថា នៅពេលដែលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតចេញជារូបរៀងនឹងជះឥទ្ធិពលវិជ្ជមាន ដល់ការវិស័យអចលនទ្រព្យនៅក្នុងទីក្រុងបាវិត។
លោកបន្ថែមថា “គម្រោងនេះគឺជាកត្តាមួយ ក្នុងការទាក់ទាញវិនិយោគបន្ថែមដូចជា រោងចក្រ និងគម្រោងវិនិយោគផ្សេង ព្រោះបាតវិតជាតំបន់សេដ្ឋកិច្ចពិសេស តំបន់រោងចក្រ តំបន់ផែស្ងួត” ។
លោកបន្ថែមថា នៅក្នុងវិស័យអចលនទ្រព្យ អោយតែមានការវិនិយោគច្រើន ធ្វើឱ្យវិស័យដីធ្លីនិងតម្រូវការកាន់តែកើនឡើង ហើយវាថែមទាំងបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនស្រុកទេ និងជនបរទេសក៏មកធ្វើការដែរ ដូច្នេះវាធ្វើឱ្យចរន្តនៃការចាយវាយ តម្រូវការកន្លែងស្នាក់នៅកើនឡើង ដែលជះឥទ្ធិពលដល់វិស័យអចលនទ្រព្យផងដែរ៕