ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅពេលនិយាយពីខេត្តដែលមានសក្ដានុពល ក្នុងវិស័យអចលនទ្រព្យ ភាគច្រើនតែងលើកពីបណ្តាខេត្ត ដែលស្ថិតនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ច និងបណ្តាខេត្តដែលស្ថិតនៅតំបន់ឆ្នេរតែប៉ុណ្ណោះ។
ប៉ុន្តែពេលនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ បានបង្ហើបពីខេត្តមួយចំនួនទៀតដែលស្ថិតនៅតំបន់ព្រំដែន ក៏មានសក្ដានុពលក្នុងការទិញ លក់ អចលនទ្រព្យផងដែរ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ប្រាប់នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា គ្រប់បណ្តាខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា ភាគច្រើនគឺសុទ្ធតែមានសក្ដានុពល ប៉ុន្តែវាអាស្រ័យទៅតាមវិស័យផ្សេងៗគ្នា។
លោកឧកញ៉ាបន្តថា “សក្ដានុពលខេត្តខ្លះស្ថិតនៅក្នុងវិស័យកសិកម្ម ខេត្តខ្លះក្នុងវិស័យឧស្សាហកម្ម ខេត្តខ្លះមានសក្ដានុពលក្នុងការធ្វើពាណិជ្ជកម្ម ហើយខេត្តខ្លះមានសក្ដានុពលទៅលើវិស័យទេសចរណ៍ និងអចលនទ្រព្យ ក៏ដូចជាវិស័យសំណង់ផងដែរ” ។ លោកឧកញ៉ាបន្តថា “សម្រាប់ខេត្តដែលមានសក្ដានុពល ក្នុងវិស័យអចលនទ្រព្យ និងសំណង នៅពេលបច្ចុប្បន្ននេះ ក្រៅពីខេត្តព្រះសីហនុ ប៉ោយប៉ែត ខេត្តកណ្តាល កំពង់ស្ពឺ កំពត កែប កោះកុងនោះ សម្រាប់ខេត្តដែលស្ថិតនៅតាមតំបន់ព្រំដែន ក៏មានសក្ដានុពលក្នុងការទិញលក់ដីធ្លីផងដែរ” ។
លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍បន្តទៀតថា ខេត្តជាប់តំបន់ព្រំដែន រួមមានខេត្តបន្ទាយមានជ័យ រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង តាកែវ ពោធិ៍សាត់ បាត់ដំបង ក៏មានសក្ដានុពលក្នុងការទិញលក់ផងដែរ ជាពិសេសផ្នែកដីធ្លីដែលស្ថិតក្នុង និងក្បែរតំបន់ដោះដូរទំនិញសម្រាប់នាំចូល និងនាំចេញទៅកាន់ទីផ្សារ។ ចាប់ពីពេលនេះ ឬឆ្នាំបន្ទាប់ តម្លៃអចលនទ្រព្យ ក៏ដូចជាដីធ្លី នឹងឡើងថ្លៃជាបន្តបន្ទាប់ ព្រោះតម្រូវការនៃការប្រើប្រាស់ដីមានការកើនឡើង។ នេះជាការគិតរបស់លោក។
ពាក់ព័ន្ធទៅនឹងសក្ដានុពលនៃបណ្តាខេត្ត ដែលស្ថិតនៅតាមព្រំប្រទល់ ដែលសំដៅទៅតំបន់ច្រកទ្វារព្រំដែន បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភស្តុភារកម្មបានរៀបចំគម្រោងស្តីពីការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុក បៃ ប៉ោយប៉ែត- អារញ្ញ ប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប ដើម្បីបម្រើដល់ការផ្លាស់ប្តូរទំនិញ និងនាំចេញ-នាំចូលឱ្យបានទាន់ពេលវេលា។
ក្រោយការរៀបចំត្រូវបានបញ្ចប់ជាស្ថាពរ ចរន្តនៃការដោះដូរទំនិញ កាន់តែមមាញឹក នឹងក្លាយជាចលករជំរុញឱ្យការធ្វើពាណិជ្ជកម្ម ក្នុងតំបន់មានកាន់តែច្រើន ហើយកំណើននៃការប្រើប្រាស់ដីនឹងកើតមានផងដែរ៕