ដោយៈ លក្ខិណា
ភ្នំពេញៈ នៅពេលសេដ្ឋកិច្ចមានបញ្ហាដូចជាកូវីដ១៩ និងបញ្ហាវិបត្តិផ្សេងទៀត ធ្វើឱ្យតម្លៃដីធ្លីក៏មានបញ្ហា ដោយពលរដ្ឋមួយចំនួនបានលក់ដី ដើម្បីយកលុយមកដោះស្រាយ ប៉ុន្តែអ្នកជំនាញអចលនទ្រព្យលើកឡើងថា ទិញដីនៅមានបញ្ហា ទោះជាយកលុយពីប្រភពណាក៏ដោយ នឹងអាចមានឱកាសចំណេញខ្ពស់នៅពេលអនាគត។
លោក ម៉ឹង លាងហ៊ន អ្នកជំនាញអចលនវត្ថុមួយរូបបាននិយាយថា ខណៈសេដ្ឋកិច្ចធ្លាក់ចុះដូចនៅកម្ពុជា ជាពេលវេលាល្អសម្រាប់អ្នកដែលចង់ទិញដី ហើយបើសិនជាមិនមានធនធានគ្រប់គ្រាន់ អាចយកពីខាងណាតាមដែលអាចធ្វើបាន ដើម្បីទិញដីទុក ព្រោះថា ទិញមានពេលបញ្ហាវាឱកាសល្អ មួយសម្រាប់ទទួលយកប្រាក់ចំណេញ។
លោកបន្តថា “នៅពេលសេដ្ឋកិច្ចមានបញ្ហា មនុស្សម្នាជាច្រើនត្រូវការលុយ ដើម្បីដោះស្រាយក្នុងគ្រួសារ និងក្នុងអាជីវកម្ម ដូច្នេះពួកគាត់ត្រូវការលក់ដី ដែលមានក្នុងតម្លៃទាបជាងទីផ្សារ” ។ លោកបន្តថា “ជាក់ស្ដែងបច្ចុប្បន្ន មានពលរដ្ឋនិងម្ចាស់ដីជាច្រើន បានប្រកាសលក់ក្នុងតម្លៃទាបជាងទីផ្សាររហូតដល់៣០ភាគរយក៏មាន ដូច្នេះបើសិនជាអ្នកមានលុយ អ្នកឆ្លាតគេពេលនេះ ដើម្បីទិញដីនោះទុកចំណេញ នៅពេលសេដ្ឋកិច្ចល្អប្រសើរឡើងវិញ” ។
លោកម៉ឹង លាងហ៊នបានថ្លែងថា ជាធម្មតាតែងតែមានឆ្នាំល្អនិងឆ្នាំអាក្រក់ ។ ពេលនេះ កម្ពុជាជួបនឹងឆ្នាំអាក្រក់ហើយវាមិនយូរទេ អាចថា១ឆ្នាំឬ២ឆ្នាំ វានឹងល្អវិញ ពេលនេះ ដីនឹងហក់ឡើងវិញ ក្រោយពេលអ្វីៗត្រូវបានដោះស្រាយរួចរាល់។
លោកជិន ណារិន ភ្នាក់ងារទិញលក់ដីធ្លី មួយរូបប្រចាំខេត្តកំពត ក៏បាននិយាយឱ្យដឹងថា ពេលនេះ អ្នកលក់ដីធ្លីក្រោមតម្លៃទីផ្សារពិតជាមានច្រើនមែន ដោយសារតែពួកគាត់ត្រូវការលុយបន្ទាន់ ដូច្នេះបើសិនជាចងទិញដីទុកចំណេញ គឺជាឱកាសមួយដ៏ល្អសម្រាប់ការទិញដី។
លោកបន្តថា “ពលរដ្ឋខ្លះត្រូវការលុយ ហើយគាត់មានដី ដែលទិញពីពេលកន្លង ទោះបីមិនចំណេញ ឬចំណេញតិចតួចពួកគាត់ ក៏ត្រូវតែលក់ដើម្បីដោះស្រាយចំពោះមុខ ហើយអ្នកខ្លះទៀតដែលមានដីកេរ ក៏ត្រូវលក់ហើយយកលុយទៅដី នៅទីតាំងផ្សេងទៀតដែលមានតម្លៃទាបជាងដីរបស់ខ្លួន ហើយសល់លុយមួយចំនួន ដើម្បីស្រាយបញ្ហាដែលជួបប្រទះនៅពេលនេះ” ៕