ដោយៈ រ៉ាណេត
ភ្នំពេញៈ វាគ្មិនជំនាញៗដែលមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ នឹងបង្ហាញពីដំណើរវិវត្តន៍ និងបច្ចុប្បន្នភាពក្នុងវិស័យអចលនទ្រព្យក្នុងសិក្ខាសាលាពិសេសមួយ ដែលនឹងរៀបចំឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង ពីស្ថានភាពជាក់ស្ដែងនៃវិស័យអចលនទ្រព្យពិតប្រាកដ ជាពិសេសផ្តោតទៅលើទីផ្សារលំនៅដ្ឋាន ទីផ្សារខុនដូ និងទីផ្សារដីឡូតិ៍ សមាគមអចលនទ្រព្យសកល នឹងបើកសិក្ខាសាលាស្ដីពី “បច្ចុប្បន្នភាពអចលនទ្រព្យនៅកម្ពុជា” នៅសាលសន្និសីទ Factory Phnom Penh (Urban Village)នាចុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន ដែលជាអ្នកផ្តួចផ្តើមបង្កើតសិក្ខាសាលានេះ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តាមរយៈសិក្ខាសាលាដ៏មានសារសំខាន់នេះ នឹងធ្វើឱ្យអ្នកចូលរួមមានការយល់ដឹងកាន់តែច្បាស់ អំពីទីផ្សារអចលនទ្រព្យនៅកម្ពុជា ជៀសវាងការទទួលបានព័ត៌មានបំផុសពីភ្នាក់ងារមួយចំនួនដែលគ្មានការពិត។
លោកបន្តថា “យើងចង់ឱ្យអ្នកចូលរួម បានយល់ដឹងកាន់តែច្បាស់ពីទីផ្សារអចលនទ្រព្យ ដោយផ្តោតសំខាន់ទៅលើផ្នែកបុរីលំនៅដ្ឋាន ទីផ្សារខុនដូ ទីផ្សារដីឡូតិ៍ នាពេលបច្ចុប្បន្ន រួមជាមួយនឹងការផ្តល់ជូននូវគន្លឹះខ្លះៗ ដែលអាចជំរុញដល់ការអចលនទ្រព្យផងដែរ”។
លោកបញ្ជាក់ថា “ភ្នាក់ងារខ្លះ ដើម្បីអាចទទួលប្រយោជន៍ពីការលក់ បានបំផុសព័ត៌មានមិនពិត ទៅដល់អតិថិជនគោលដៅរបស់ខ្លួន ហើយអ្នកខ្លះដែលចង់ចូលរួមនៅក្នុងទីផ្សារអចលនទ្រព្យ ដោយការទុកអចលនវត្ថុយកលក់បន្តយកចំណេញ ចេះតែធ្វើឡើងតាមគេ ដោយគ្មានការយល់ដឹងច្បាស់វិស័យនេះ ដែលវាជាការប្រឈមខ្ពស់ទៅនឹងហានិភ័យ។ ដូច្នេះអ្វីៗដែលជាចំណេះដឹងទាំងអស់នេះ នឹងមានបង្ហាញនៅក្នុងសិក្ខាសាលាដែលគ្រោងធ្វើនៅចុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ”។
អង្គសិក្ខាសាលាមួយនេះ នឹរៀបចំឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងសមាគមអចលនទ្រព្យសកល ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KW SAM SN Realty Co,.Ltd និង Urban Village ក្រោមការចូលរួមធ្វើបទបង្ហាញពីសំណាក់អ្នកជំនាញចំនួន៤រូប រួមមានលោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន KW SAM SN Realty Co,.Ltd លោក យិន លាងគង់អគ្គនាយកគេហទំព័រ Propertyrea.asia លោក ឡោ វិចិត្រ អនុប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ និងលោក វ៉េង វណ្ណនី ប្រធានក្រុមឯកទេសលក់ខុនដូ។
ដោយឡែកលក្ខខណ្ឌចូលរួម សម្រាប់សិក្ខាកាមចុះឈ្មោះចំនួន៥០នាក់ឥតគិតថ្លៃ ៥០នាក់បន្ទាប់ នឹងត្រូវចំណាយ១៥ដុល្លារក្នុងម្នាក់ ហើយ១០០នាក់បន្ទាប់ត្រូវចំណាយ២០ដុល្លារក្នុងម្នាក់ ហើយថវិកាដែលប្រមូលបានទាំងអស់ នឹងនឹងយកទៅបរិច្ចាកជូនជនរងគ្រោះដោយទឹកជំនន់។ ព័ត៌មានលម្អិតសូមទាកើទងតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៣១០ ៧៣៧ / ០៧៧ ៣៩១ ០០០៕