ដោយ ហ្សូលី
ភ្នំពេញៈ អ្នកពុះដីឡូតិ៍មួយចំនួនបានបំបាក់ទឹកចិត្តអ្នកទិញ ដោយការបោកប្រាស់ទើបធ្វើឱ្យគុណតម្លៃនៃដីឡូតិ៍ហាក់មានភាពស្រពិចស្រពិល និងប៉ះពាល់ទៅដល់អ្នកពុះដីឡូតិ៍សុចរិតដទៃទៀត។ ដូច្នេះដើម្បីបង្កើនទំនុកចិត្ត និងគុណតម្លៃនៃទីផ្សារដីឡូតិ៍ អ្នកជំនាញបានចង្អុលប្រាប់ពីគន្លឹះ៣សម្រាប់អនុវត្តន៍។
លោក ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍដីឡូតិ៍កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust បានផ្តល់កិច្ចសម្ភាសជាមួយគេហទំព័រ Propertyarea.asiaកាលពីរសៀលថ្ងៃទី៦ វិច្ឆិកានេះថា ដើម្បីបង្កើនគុណតម្លៃ និងទីផ្សារដីឡូតិ៍ ត្រូវចាំបាច់រៀបចំឯកសារគតិយុត្តិ និងព័ត៌មានជាក់លាក់ទៅកាន់អ្នកវិនិយោគឬអ្នកទិញ ព្រោះកន្លងមកនេះធ្លាប់មានស្ថាប័ន ជាពិសេសក្រសួងបានផ្តែផ្តាំជាច្រើន លើកច្រើនសាររួចមកហើយ។
លោកបន្តថា “អ្នកពុះដីឡូតិ៍គប្បីត្រៀមបង្ហាញអតិថិជននូវឯកសារ ប្លង់ និងឈ្មោះកម្មសិទ្ធឱ្យបានត្រឹមត្រូវ ជាពិសេសលោកលើកទឹកចិត្តថា ប្លង់រឹងគឹជាឯកសារដ៏សំខាន់ដើម្បីទាញយកទំនុកចិត្តពីអតិថិជនបានយ៉ាងពិតប្រាកដ។ លោកបញ្ជាក់ថា “ក្នុងនាមជាម្ចាស់គម្រោងដីឡូតិ៍ និងពុះដីឡូតិ៍លក់ ត្រូវចងចាំថា ខ្លួនចេះជ្រើសរើសទីតាំងមានសក្តានុពលពិតប្រាកដសម្រាប់ដាក់លក់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជា។ ជាពិសេស ត្រូវបង្ហាញឯកសារប្លង់មេ (Master plan) អភិវឌ្ឍន៍ និងរៀបរាប់ឱ្យបានក្បោះក្បាយ នោះគុណតម្លៃនៃទីផ្សារដីឡូតិ៍នឹងមានកំណើន” ។
លោក ម៉ន សុខា ឆ្លៀតឱកាសផ្តាំដល់អ្នកទិញដីឡូតិ៍ថា ការទិញដីឡូតិ៍ពិតជាផ្តល់ឱកាសចំណេញមែន ប៉ុន្តែកុំភ្លេចក្នុងការពិនិត្យមើល លើទីតាំងគម្រោងផង កុំចេះតែទិញលើទីតាំងឆ្ងាយពេក ឬទីតាំងដែលមិនសមប្រកប។ បន្ថែមពីលើនេះ សូមតាមដានព័ត៌មានថា តើតំបន់នោះមានការអភិវឌ្ឍពីរាជរដ្ឋាភិបាលដែរឬទេ ហើយគម្រោងប្លង់មេនោះមានការអភិវឌ្ឍបែបណាខ្លះ។ ដូច្នេះពេលអ្នកវិនិយោគរួច មិនព្រួយបារម្ភរឿងបោកប្រាស់ ហើយអ្នកពុះដីឡូតិ៍លក់ក៏បង្កើនទំនុកចិត្តនិងភាពថ្លៃថ្នូរ ជាក់ស្តែងលើកស្ទួយកេរ្តិ៍ឈ្មោះគម្រោងផងដែរ៕