កម្ពុជានឹងបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២២

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន -ឥណ្ឌា ដែលអាចនឹងសម្រេចនៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ កម្ពុជាមានជំនឿ និងមានក្ដីរំពឹងថា នៅត្រឹមឆ្នាំ២០២២ខាងមុខនេះ អាចនឹងពង្រីកទំហំពាណិជ្ជកម្មនៅក្នុងតំបន់បានយ៉ាងទូលាយជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ។

លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៧ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញពីក្ដីរំពឹងយ៉ាងខ្ពស់ចំពោះគោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យកើនដល់២០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២២ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា ។

លោកបានមានប្រសាសន៍ថា “ក្នុងន័យនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា និងការពន្លឿនការតភ្ជាប់ ជាពិសេស ជំរុញការ អនុវត្តនូវគម្រោងផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ជាមួយនឹងការពង្រីកតំណភ្ជាប់បន្ថែម មកដ ល់ប្រទេសកម្ពុជា ឡាវ និងវៀតណាមឱ្យបញ្ចប់តាមការគ្រោងទុក”។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក្រៅពីពិភាក្សាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន -ឥណ្ឌា ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា ក៏បានសម្ដែង និងការប្ដេជ្ញាយ៉ាងម៉ឹងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងតំបន់ទាំងពីរឲ្យកាន់តែស៊ីជម្រៅ។ ជាមួយគ្នានេះ ភាគីទាំងពីរ នឹងបន្ដកិច្ចខិតខំប្រឹងប្រែងពង្រឹង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សកលភាវូពាណិជ្ជកម្ម និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី តាមរយៈការពង្រឹង កិច្ចសហការបន្ថែមទៀត ក្នុងការតភ្ជាប់ទាំងផ្នែកទន់ និងរឹងការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍវិស័យឌីជីថលជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here